(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹងធ្វើកំណែទម្រង់ហិរញ្ញវត្ថុស៊ីជម្រៅ និងកែលម្អច្បាប់ដើម្បីបង្កាហានិភ័យចំពោះសេដ្ឋកិច្ច ព្រមទាំងបើកចំហបន្ថែមទៀតនូវការវិនិយោគបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្រ្តីដែលនឹងផុតអាណត្តិរូបនេះដែលបានឱ្យដឹងនៅក្នុងរបាយការណ៍ការងាររបស់លោកសម្រាប់ការបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិនថា រដ្ឋាភិបាលចិននឹងបង្កាហានិភ័យសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលមានគុណភាពខ្ពស់ និងកាត់បន្ថយបន្ទុកទូទាត់ការប្រាក់សម្រាប់រដ្ឋាភិបាលមូលដ្ឋាន។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅនៃប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យប្រសើរឡើងនូវបទប្បញ្ញត្តិហិរញ្ញវត្ថុ ហើយយើងមើលឃើញថា អ្នកពាក់ព័ន្ធទាំងអស់មានការទទួលខុសត្រូវពេញលេញក្នុងការការពារប្រឆាំងនឹងហានិភ័យហិរញ្ញវត្ថុក្នុងតំបន់ និងជាប្រព័ន្ធ»។

ប្រទេសចិនបានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ទល់នឹងហានិភ័យហិរញ្ញវត្ថុ ខណៈដែលសេដ្ឋកិច្ចបានកើនឡើងត្រឹមតែ ៣ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន ដែលជាកំណើនទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ សេដ្ឋកិច្ចត្រូវបានរងការរំខាន់ពីវិធានការរឹតបន្តឹងរយៈពេល ៣ឆ្នាំដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ វិបត្តិក្នុងវិស័យអចលនទ្រព្យ ការបង្រ្កាបលើសហគ្រាសឯកជន និងការធ្លាក់ចុះតម្រូវការសម្រាប់ការនាំចេញរបស់ចិន។

នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរទៅលើកំណែទម្រង់ស្ថាប័នធៀបនឹងឆ្នាំមុន។ កត្តានេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍មុនថា លោកប្រធានាធិបតី ស៊ី ជីនពីង គ្រោងរៀបចំរចនាឡើងវិញក្នុងទ្រង់ទ្រាយធំចំពោះសហគ្រាសរដ្ឋ (SOEs) និងអង្គភាពរបស់បក្សកុម្មុយនិស្ត។

ប្រភពចំនួនពីរប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក ស៊ី ដែលនឹងនៅតែជាប្រធានាធិបតីសម្រាប់អាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមកនោះ គ្រោងនឹងបង្កើតគណៈកម្មការកិច្ចការហិរញ្ញវត្ថុមជ្ឈិមឡើងវិញ។ កត្តានេះបង្ហាញពីការជំរុញរបស់លោក ស៊ី ក្នុងការបង្កើនការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុ។

ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) របស់ប្រទេសចិនក៏បានឱ្យដឹងកាលពីថ្ងៃអាទិត្យផងដែរថា ប្រទេសចិននឹងជំរុញកំណែទម្រង់លើវិស័យសំខាន់ៗ និងបន្តបើកទូលាយដល់ការវិនិយោគបរទេស។

គណៈកម្មការ NDRC បានឱ្យដឹងថា៖ «យើងនឹងអនុវត្តការងារកំណែទម្រង់សំខាន់ៗ ដើម្បីលុបបំបាត់ចោលឧបសគ្គស្ថាប័នដែលរារាំងដល់ការលើកកម្ពស់ការអភិវឌ្ឍន៍»៕