(ភ្នំពេញ)៖ អ្នកជំនាញខាងផលិត កែច្នៃចំណីអាហារ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន ឧស្សាហកម្ម សហគ្រាស និងសិប្បកម្ម ដែលផលិត និងកែច្នៃចំណីអាហារ ត្រូវពង្រឹងនូវផលិតកម្មរបស់ខ្លូន ដើម្បីទទួលបាននូវ​ស្តង់ដារបញ្ជាក់គុណភាព ដែលងាយស្រួលដល់ការនាំចេញ និងទទួលបាននូវទំនុកចិត្ត ពីអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ។

​ការជំរុញនេះស្របពេលដែលទីផ្សារនាំចេញរបស់កម្ពុជា កាន់តែរីកធំជាងមុន ខណៈបច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលជាឱកាសសម្រាប់អ្នកផលិត នាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។

​ឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលក្រុមហ៊ុន ឬសហគ្រាសផលិត ទទួលបាននូវការផ្តល់​ស្តង់ដារ និងវិញ្ញាបនបត្របញ្ជាក់កាន់តែច្រើន នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកផលិត និងជួយជំរុញការលក់ផលិតផល ឱ្យកាន់តែធំទូលាយទៅតាមទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

លោកស្រីបន្តថា «ជាក់ស្តែងការផលិតនំស្រួយលីលី ​ដែលផលិតដោយទទួលបានស្តង់ដារ បានជំរុញការនាំចេញ ទៅបានជាច្រើនប្រទេស ពោលគឺប្រមាណ ១០ប្រទេស ដោយសារយើងមានការបញ្ជាក់ស្តង់ដារបានច្បាស់លាស់ត្រឹមត្រូវ។ ដូច្នេះប្រសិនបើឧស្សាកម្មដទៃ មានបំណងក្នុងការនាំចេញគួរតែខិតខំប្រឹងប្រែង អនុវត្តយ៉ាងម៉េច ដើម្បីទទួលបាននូវវិញ្ញាបនបត្រ ដែលបញ្ជាក់ពីស្តង់ដារនេះ​ ទើបទីផ្សារអន្តរជាតិ មានការចាប់អារម្មណ៍ពីផលិតផលដែលជំរុញដល់ការនាំចេញ»

លោកស្រីលើកឡើងថា ដើម្បីទទួលបានការបញ្ជាក់ស្តង់ដារ ត្រូវ​រៀបចំ​ចំនួនបុគ្គលិក ការកត់ត្រាពីផលិតផល និងការផលិត ជាពិសេសបង្កើនការត្រួតពិនិត្យគុណភាព ចាប់តាំងពីដំណើរការផលិតដំបូង រហូតដល់ចេញផលិតផលសម្រេច។

បើតាមម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលីរូបនេះ បច្ចុប្បន្ននេះស្តង់ដារដែលមានការទទួលស្គាល់ និងនិយមជាលក្ខណៈអន្តរជាតិ គឺស្តង់ដារ ISO។ ដោយស្តង់ដារនេះ មានតាមកម្រិតដែលត្រូវអនុវត្តដូចជា ស្តង់ដារ ISO 9001ស្តង់ដារ ISO 22000 ស្តង់ដារ ISO 14000 ជាដើម។

លោកស្រីពន្យល់បន្ថែមថា «មានស្តង់ដារ ISO ក៏មិនប្រាកដថា អាចនាំចេញទៅបានគ្រប់ប្រទេសដែរ ប៉ុន្តែនៅពេលដែលយើងមាន​ស្តង់ដារ ISO គោលមួយហើយ គឺយើងអាចអនុវត្តទៅតាមស្តង់ដារផ្សេងៗ ទៅតាមប្រទេសនីមួយៗ ដែលគេតម្រូវឱ្យយើងអនុវត្តទៀត។ ពោលគឺយើងនាំចេញទៅប្រទេសមួយ ​យើងត្រូវអនុវត្តស្តង់ដារមួយ ចេញពីប្រទេសមួយត្រូវទៅតាមស្តង់ដារ ប្រទេសមួយទៀត អីចឹងត្រូវគោរពតាមស្តង់ដារប្រទេសផ្សេងៗ ដែលគេតម្រូវ។ ឧទាហរណ៍ដូចជានាំចេញទៅសហរដ្ឋអាមេរិក ត្រូវគោរពតាមស្តង់ដារ USDA , សម្រាប់ប្រទេសកូរ៉េ ស្តង់ដារ KSDA ។ ដោយឡែកទៅប្រទេសអូស្រ្តាលី និងញូវហ្សេលែន ត្រូវគោរពតាមស្តង់ដារ AID BRC និងស្តង់ដារផ្សេងៗជាច្រើនទៀត។ សំខាន់នៅក្នុងរោងចក្រយើង អាចយកស្តង់ដារ ISO 9001 ឬ​ ISO 22000 ជាស្តង់ដារមួយគោលមួយសិន»

លោកស្រីថា នៅពេលដែលផលិតផល ដែលផលិតដោយមានស្តង់ដារបញ្ជាក់ត្រឹមត្រូវ នឹងធ្វើឱ្យអតិថិជន កាន់តែមានទំនុកចិត្ត ក្នុងការប្រើប្រាស់នូវផលិតផលក្នុងស្រុក ព្រោះ ប្រសិនបើការផលិតដោយគ្មានស្តង់ដារត្រឹមត្រូវ នឹងធ្វើឱ្យអ្នកប្រើប្រាស់មិនមានការខ្លាចរអា។

លោកស្រីសង្កេតឃើញថាបច្ចុប្បន្ននេះ សិប្បកម្ម និងឧស្សាហកម្មខ្នាតតូច និងខ្នាតមធ្យមនៅក្នុងស្រុក ដែលមិនទាន់បាននាំចេញ ​ការអនុវត្ត​ដើម្បីទទួលបាននូវស្តង់ដារ និងវិញ្ញាបនបត្រពីខាងក្រសួង​នៅមានកម្រិតនៅតិចតួចនៅឡើយ។ ប៉ុន្តែយ៉ាងនេះក្តីពួកគាត់បានផលិត ​ទៅតាមស្តង់ដារ អនាម័យផ្ទាល់ខ្លួន​ផងដែរ។

​លោកស្រីកត់សម្គាល់ មូលហេតុដែលធ្វើឱ្យសិប្បកម្មទាំងនោះ ពិបាកអនុវត្តក្នុងការទទួលបាននូវស្តង់ដារ និងវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផល ដោយសារតែចំណាយខ្ពស់ ក្នុងទទួលបានស្តង់ដារនេះ ​ជាហេតុដែលនាំឱ្យ​ថ្លៃដើមទំនិញកាន់តែខ្ពស់ និងពិបាកប្រកួតប្រជែង។ ដើម្បីជំរុញឱ្យអ្នកផលិតនៅក្នុងស្រុក ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ស្តង់ដារនេះ ទាមទារឱ្យការគិតគូរពីរាជរដ្ឋាភិបាលផងដែរ ជាពិសេសការសម្របសម្រួលឱ្យតម្លៃ នៃការទទួលតាមស្តង់ដារ មានតម្លៃសមរម្យ។

​ឧកញ៉ា កែវ មុំ បន្តទៀតថា «ប្រសិនបើខាងក្រសួង ក៏ដូចជារដ្ឋាភិបាលជួយជំរុញការផ្តល់ការបញ្ជាក់ស្តង់ដារនេះ ឱ្យមានតម្លៃសមរម្យណាមួយ ដែលម្ចាស់ឧស្សាហកម្ម ឬ SME អាចទទួលយកបាន គឺល្អមែនទែន។ ឃើញថាម្ចាស់ឧស្សាហកម្មជាច្រើន ដែលគាត់មានបំណងចង់នាំចេញ ក៏ប៉ុន្តែដោយសារការអនុវត្ត គឺមានការចំណាយលុយច្រើន។ អីចឹងហើយ បានជាគាត់មិនមានលទ្ធភាពអនុវត្ត ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់នេះផងដែរ។ ហេតុនេះហើយប្រសិនបើក្រសួង និងរាជរដ្ឋាភិបាលសម្រួលនូវតម្លៃ នៃការទទួលបានវិញ្ញាបនបត្រនេះ ឱ្យមានតម្លៃសមរម្យ គឺពិតជាល្អសម្រាប់ឧស្សាហកម្មទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្ត ឱ្យគាត់ទទួលបាននូវវិញ្ញាបនបត្រ និងអាចជួយជំរុញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ»

ក្នុងសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ ​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ ​មានប្រសាសន៍ថា គិតមកដល់ពេលនេះ ​កម្ពុជាមានស្តង់ដារ​សរុបចំនួន ១០៤៣ ស្តង់ដារ​ កើនឡើងចំនួន ១៧៥ស្តង់ដារ បើប្រៀបធៀបនឹងដើមអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា (ឆ្នាំ២០១៨) ដែលមានត្រឹមតែចំនួន ៨៦៨ស្តង់ដារ​ ដែលស្តង់ដារទាំងនេះ បាននិងកំពុងយកមកប្រើប្រាស់ ដោយវិស័យឯកជន និងផ្នែកសារធារណៈមួយចំនួន។

លោកបន្ថែមថា ក្នុងឆ្នាំ២០២២នេះ ការអភិវឌ្ឍស្តង់ដារថ្មីបានចំនួន៥៥ស្តង់ដារ លើសពីឆ្នាំ២០២១ ដែលមានចំនួន ៣៩ស្ដង់ដារ និងជាឆ្នាំដែលបានអភិវឌ្ឍស្តង់ដារបានច្រើនជាងគេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨-២០២២។

ក្រសួងបានចេញវិញ្ញាបនបត្រផលិតផល និងវិញ្ញាបនបត្រអនាម័យបានចំនួន ៥៨វិញ្ញាបនប្រត សំដៅចូលរួមធានានូវសុវត្ថិភាព និងសុខុមាលភាពសាធារណៈនិងសង្គម និងចូលរួមក្នុងការពង្រឹងការធ្វើពាណិជ្ជកម្ម ឬសេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព និងជួយដល់វិស័យឧស្សាហកម្មខ្នាតតូច និងសិប្បកម្ម ឱ្យមានលទ្ធភាពប្រកួតប្រជែង នៅលើទីផ្សារក្នុងស្រុក។ ​

លោកបន្តថា «យើងបាន និងកំពុងធ្វើការកែលម្អប្រព័ន្ធចេញវិញ្ញាបនបត្ររបស់ខ្លួន ឱ្យមានលក្ខណៈសមស្រប និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដើម្បីចូលរួមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគីដែលបានចូលជាធរមាន ដូចបានធ្វើឡើងរវាង កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP»

​កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋមន្រ្តី​ទទួល​បន្ទុក ​ទីស្តីការ​គណ:រដ្ឋមន្ត្រី​ បានជំរុញដល់ក្រសួងឧស្សាហកម្ម ត្រូវបន្តជំរុញការអភិវឌ្ឍ និងអនុម័តស្តង់ដារថ្មីៗបន្ថែមទៀត លើមុខទំនិញដែលជាយុទ្ធសាស្ត្រសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ ដែលជាដៃគូពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដើម្បីទាញយកឱកាសពង្រីក វិសាលភាពនៃការនាំចេញទំនិញឱ្យបានច្រើន។ ជាមួយគ្នានេះ ត្រូវពង្រឹងប្រព័ន្ធចេញវិញ្ញាបនបត្រ ឬអធិការកិច្ចឱ្យបានត្រឹមត្រូវ តាមស្តង់ដារអន្តរជាតិ ដើម្បីធានា និងការពារពីការបង្កគ្រោះមហន្តរាយ ដល់សុខសុវត្ថិភាព សុខភាពមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ សន្តិសុខសង្គម និងបរិស្ថាន៕