(ញូវដែលី)៖ រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់ស្ថាប័នហិរញ្ញវត្ថុពិភពលោកឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំបំណុលឡើងវិញរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសចិនដែលជាម្ចាស់បំណុលទ្វេភាគីធំបំផុតរបស់ពិភពលោក បានរិះគន់ស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីនានាចំពោះការមិនទទួលយកការខាតបង់ ឬការកាត់បន្ថយបំណុលចំពោះប្រាក់កម្ចីដែលផ្តល់ទៅឱ្យប្រទេសដែលមានប្រាក់ចំណូលទាប ខណៈដែលទីក្រុងប៉េកាំងត្រូវបានស្នើសុំឱ្យធ្វើដូច្នេះ។

លោក Qin ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G20 នៅទីក្រុងញូវដេលីថា៖ «យើងសង្ឃឹមថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងម្ចាស់បំណុលពាណិជ្ជកម្មនានា នឹងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយវិបត្តិបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍»

ក្រុមប្រទេស G20 បានបង្កើតក្របខ័ណ្ឌរួម (Common Framework) មួយនៅចុងឆ្នាំ២០២០ ដើម្បីផ្តល់ការសង្គ្រោះដល់ប្រទេសមានប្រាក់ចំណូលទាបដែលកំពុងប្រឈមនឹងការកើនឡើងសម្ពាធដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកក្នុងគ្រាដែលមានសង្រ្គាមនៅអ៊ុយក្រែន។

លោក Qin បានមានប្រសាសន៍ថា៖ «ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមពាក់ព័ន្ធស្ថិតក្រោមក្រុមប្រទេស G20។ ប្រទេសចិនបានផ្អាកការទូទាត់សេវាបំណុលច្រើនជាងសមាជិក G20 ផ្សេងទៀត ហើយបានចូលរួមក្នុងការដោះស្រាយបំណុលក្រោមក្របខណ្ឌរួម (Common Framework)»

សហរដ្ឋអាមេរិកបានរិះគន់ចិនម្តងហើយម្តងទៀតជុំវិញអ្វីដែលខ្លួនចាត់ទុកថាជាការ «យកជើងរាទឹក» ក្នុងការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមនានា រួមទាំងស្រីលង្កាផងដែរ។

កាលពីសប្តាហ៍មុន ប្រទេសចិនបានជំរុញឱ្យក្រុមប្រទេស G20 ធ្វើការវិភាគដោយយុត្តិធម៌ សត្យានុម័ត និងស៊ីជម្រៅអំពីមូលហេតុនៃបញ្ហាបំណុលពិភពលោក និងដើម្បី «ដោះស្រាយបញ្ហានេះឱ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕