(ម៉ូស្គូ)៖ ការនាំចេញប្រេងតាមសមុទ្ររបស់រុស្ស៊ីនៅតែមានភាពធន់នឹងការដាក់ទណ្ឌកម្មនៅក្នុងខែកុម្ភៈ ដោយសារប្រទេសនេះបានស្វែងរកអតិថិជនថ្មីៗ ទោះបីជាការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចបញ្ចេញកម្លាំងពេញលេញក្តី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ក្រុមអ្នកឃ្លាំមើលទីផ្សារប្រេងកំពុងតាមដានយ៉ាងដិតដល់ទៅលើទិន្នន័យនាំចេញរបស់រុស្ស៊ីដើម្បីរកមើលសញ្ញាដែលបង្ហាញពីការអាក់ខាននានា បន្ទាប់ពីសហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានហាមឃាត់ការនាំចូលភាគច្រើននូវប្រេង និងឥន្ធនៈតាមសមុទ្ររបស់រុស្ស៊ី ដើម្បីថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ទិន្នន័យតាមដានការដឹកជញ្ជូនបង្ហាញថា ដោយមានជំនួយពីក្រុមកប៉ាល់ដឹកជញ្ជូន ក្រុមហ៊ុនផលិតប្រេងរុស្ស៊ីបានងាកទៅរកអតិថិជននៅតំបន់ឈូងសមុទ្រពែក្ស អាមេរិកឡាទីន និងអាស៊ី។

សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលឥន្ធនៈតាមសមុទ្ររបស់រុស្ស៊ីនៅដើមខែកុម្ភៈ ពោលគឺពីរខែបន្ទាប់ពីមានការរឹងបន្តឹងលើការនាំចេញប្រេងឆៅ។ ទណ្ឌកម្មទាំងនេះត្រូវបានដាក់បន្ថែមពីលើការកំណត់តម្លៃលើប្រេងរបស់រុស្ស៊ី ដែលប្រទេសទីបីត្រូវអនុវត្តតាមប្រសិនបើពួកគេចង់ចូលប្រើប្រាស់សេវាកម្មនានារបស់ប្រទេសលោកខាងលិចដូចជាសេវាដឹកជញ្ជូន និងការធានារ៉ាប់រងជាដើម។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Kpler ថា ទោះបីជាឥទ្ធិពលរួមគ្នានៃការដាក់ទណ្ឌកម្មកើតមាននៅក្នុងខែកុម្ភៈក៏ដោយ ក៏ក្រុមហ៊ុនផលិតប្រេងរបស់រុស្ស៊ីបាននាំចេញប្រេងឆៅ និងផលិតផលប្រេងជាមធ្យមចំនួន ៧,៣២លានបារ៉ែលក្នុងមួយថ្ងៃ។ ចំនួននេះមានភាពស្របគ្នានឹងបរិមាណដែលបាននាំចេញនៅក្នុងខែធ្នូ និងទាបជាងបរិមាណនាំចេញខ្ពស់បំផុតជាប្រវត្តិសាស្ត្រក្នុងខែមករាតែ ៩% ប៉ុណ្ណោះ។

លោក Viktor Katona អ្នកវិភាគអំពីប្រេងប្រចាំក្រុមហ៊ុន Kpler បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ការធ្លាក់ចុះលំហូរប្រេងតាមសមុទ្រប្រចាំខែរបស់រុស្ស៊ីភាគច្រើនកើតឡើងដោយសារតែការនាំចេញនៅខែមករាខ្ពស់ខុសពីធម្មតា ដែលមួយផ្នែកដោយសារតែការរំខានពីអាកាសធាតុ។

លោកមានប្រសាសន៍ថា អាកាសធាតុមិនល្អនៅដើមរដូវរងាដែលបាននាំឱ្យមាន «ឥទ្ធិពលខ្លាំងទៅលើការដឹកជញ្ជូនទំនិញដែលត្រូវដឹកចេញក្នុងខែធ្នូ ត្រូវបានពន្យាពេលមកដឹកនៅក្នុងខែមករាវិញ» ដែលនាំឱ្យមានលំហូរខ្ពស់បំផុត។ លោកបន្ថែមថា៖ «ព្យុះបានត្រលប់មកវិញម្តងទៀតនៅក្នុងខែកុម្ភៈបន្ទាប់ពីបានស្ងប់ស្ងាត់នៅខែមករា ជាពិសេសនៅសមុទ្រខ្មៅ ដោយកំពង់ផែ Novorossiysk បានបិទម្តងហើយម្តងទៀតនៅក្នុងខែកុម្ភៈ»