(ប៉េកាំង)៖ លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាំង (Li Keqiang) បានប្រាប់ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា ប្រទេសចិនបើកចំហរចូលរួមក្នុងកិច្ចប្រឹងប្រែងពហុភាគី ដើម្បីជួយប្រទេសដែលជំពាក់បំណុលច្រើន «ក្នុងលក្ខណៈស្ថាបនា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទូរទស្សន៍មជ្ឈិមចិន (China Central Television) ថា លោក Li កាលពីថ្ងៃពុធបាននិយាយទូរស័ព្ទជាមួយលោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF ដោយថ្លែងថា៖ «ប្រទេសចិនមានឆន្ទៈចូលរួមដោះស្រាយបញ្ហាបំណុលរបស់ប្រទេសពាក់ព័ន្ធ»

លោកបានបន្តថា៖ «ប្រទេសចិននៅតែទទូចថា ភាគីទាំងអស់គួរតែចាត់វិធានការរួមគ្នា និងចែករំលែកបន្ទុកបំណុលដោយសមធម៌»

ចិនដែលជាប្រទេសផ្តល់ប្រាក់កម្ចីច្រើនដល់ប្រទេសដែលជាប់បំណុលច្រើននានា ដូចជាស្រីលង្កា និងប៉ាគីស្ថាន កំពុងជាប់គាំងក្នុងអរិភាពជាមួយធនាគារអន្តរជាតិនានាជុំវិញថាតើភាគីណាមួយគួរតែនាំមុខគេក្នុងការរៀបចំបំណុលរដ្ឋឡើងវិញ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីខែមុនថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងពិចារណាលើការអនុម័តកញ្ចប់ថវិកាសង្គ្រោះរបស់ស្រីលង្កា ដោយមិនមានការធានាជាផ្លូវការចំពោះការគាំទ្រដល់ការៀបចំបំណុលឡើងវិញពីទីក្រុងប៉េកាំង។

រដ្ឋាភិបាលចិនដែលមានជាម្ចាស់បំណុលប្រហែល ៥២% នៃបំណុលទ្វេភាគីរបស់ប្រទេសស្រីលង្កាដែលក្ស័យធននេះ បានផ្តល់ការពន្យាពេលសងបំណុលបន្ថែមទៀតដល់ប្រទេសស្រីលង្កាតាមរយៈធនាគាររដ្ឋ Export-Import Bank។

ទូរទស្សន៍ CCTV របស់ប្រទេសចិនបានរាយការណ៍ថា លោកស្រី Georgieva បានប្រាប់លោកនាយករដ្ឋមន្ត្រី លី ថា មូលនិធិ IMF ចង់ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីដោះស្រាយវិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នានា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕