(គូឡាឡាំពូ)៖ ក្រុមហ៊ុន Capital A Berhad ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាប AirAsia បានវិញមករកប្រាក់ចំណេញវិញហើយនៅត្រីមាសទី៤ ឆ្នាំមុន ដោយសារការកើនឡើងតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់ក្រុមហ៊ុន AirAsia ខណៈបានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរំពឹងថា យន្តហោះចំនួន១៥០គ្រឿងក្នុងចំណោមយន្តហោះទាំងអស់របស់ខ្លួនអាចនឹងចាប់ផ្តើមហោះហើរឡើងវិញនៅចុងខែមីនា ហើយសង្ឃឹមថា យន្តហោះទាំងអស់នឹងហោះហើរឡើងវិញនៅចុងត្រីមាសទីបីឆ្នាំនេះ។

លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបើកចំហរប្រទេសឡើងវិញរបស់ប្រទេសចិននឹងជំរុញការស្ទុះងើបឡើងវិញនៃអាជីវកម្មអាកាសចរណ៍របស់យើងបន្ថែមទៀត ហើយគោលបំណងរបស់យើងគឺឈានដល់សមត្ថភាពដូចធ្លាប់ទទួលបានមុនពេលមានវិបត្តិកូវីដនៅចុងឆ្នាំនេះ»

ក្រុមហ៊ុនអាកាសចរណ៍នានារួមទាំងក្រុមហ៊ុន AirAsia បានកត់ត្រាការខាតបង់យើងច្រើននាពេលថ្មីៗនេះ ខណៈដែលការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ បាននាំឱ្យឧស្សាហកម្មទេសចរណ៍ជាប់គាំង។

ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយកំពុងងាកត្រលប់មករកប្រាក់ចំណេញវិញហើយ ដោយទទួលបានផលចំណេញពីការស្ទុះងើបការធ្វើដំណើរឡើងវិញ។

ក្រុមហ៊ុន Capital A បានប្រកាសពីប្រាក់ចំណេញចំនួន ២៥៦,២លានរីងហ្គីត (៥៧,១២លានដុល្លារអាមេរិក) សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធៀបនឹងការខាតបង់ចំនួន ៧៥៦,៦លានរីងហ្គីតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនផ្តល់សេវាហោះហើរតម្លៃទាបនេះបានប្រកាសពីការខាតបង់ប្រចាំឆ្នាំចំនួន ២,៤៨ពាន់លានរីងហ្គីតនៅឆ្នាំ២០២២ ដែលធ្លាក់ចុះពីការខាតបង់ចំនួន ២,៩៩ពាន់លានរីងហ្គីតកាលពីឆ្នាំ២០២១។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕