(ឡុងដ៍)៖ ប្រេងឆៅត្រូវបានជូញដូរក្នុងតម្លៃជាង ៨៣ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃពុធសប្តាហ៍នេះដោយធ្លាក់ចុះថ្លៃតិចតូច ខណៈពេលដែលមានសញ្ញាពីកើនឡើងការផ្គត់ផ្គង់ និងការកើនឡើងស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក (API) ថា ស្តុកប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ៦,២លានបារ៉ែលនៅក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី២៤ ខែកុម្ភៈ។

ប្រេងឆៅប្រភេទ Brent របស់ចក្រភពអង់គ្លេសបានធ្លាក់ចុះ ៤១សេន ឬ ០,៤ភាគរយមកនៅត្រឹម ៨៣,៤ដុល្លារក្នុងមួយបារ៉ែលក្នុងការជួញដូរកាលពីរសៀលថ្ងៃពុធ ខណៈដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៦០សេន ឬ ០,៧ភាគរយមកនៅត្រឹម ៧៦,៤៥ដុល្លារក្នុងមួយបារ៉ែល។

កាសែតប្រចាំថ្ងៃ Kommersant របស់រុស្ស៊ីបានរាយការណ៍ដោយដកស្រង់ប្រភពផ្សេងៗថា ក្នុងគ្រាដែលមានសញ្ញាផ្សេងៗអំពីការកើនឡើងផ្គត់ផ្គង់ ការផលិតប្រេងរបស់រុស្ស៊ីបានកើនឡើងដល់កម្រិតមុនពេលមានការដាក់ទណ្ឌកម្មជាលើកដំបូងនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានបង្ហាញធា ផលិតកម្មប្រេងរបស់អង្គការ OPEC បានកើនឡើងនៅក្នុងខែកុម្ភៈ។

លោក Stephen Brennock បម្រើការងារនៅក្រុមហ៊ុនឈ្មួញជើងសារប្រេង PVM បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញនៅពេលនេះ ហើយនេះគឺជាកត្តាជំរុញវិជ្ជមានមួយសម្រាប់តម្លៃប្រេង»