(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរួមគ្នាដាក់ឱ្យដំណើរការគម្រោងស្តីពី «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមសហគមន៍ ក្នុងឃុំ-សង្កាត់។

គម្រោងស្តីពី «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» ត្រូវបានដាក់ដំណើការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សំដៅលើកកម្ពស់ លទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាពនៅតាមសហគមន៍ ដែលនឹងចូលរួមជម្រុញគោលនយោបាយជាតិស្តីពី ភូមិឃុំមានសុវត្ថិភាព។

គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» នឹងត្រូវអនុវត្តសាកល្បង ក្នុងខេត្តកំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងខេត្តបាត់ដំបងចាប់ពីឆ្នាំ២០២៣នេះ ហើយនឹងបន្តពង្រីកវិសាលភាពនៅឆ្នាំបន្តបន្ទាប់។

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាន៍ថា «ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងដែលធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងបន្តអនុវត្តដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន ក្នុងគោលដៅរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសផងដែរ»

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ដែរថា ការអនុវត្តគម្រោងនេះ ទាមទារការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

លោកបន្តថា «យើងនឹងធ្វើការរួមគ្នាដើម្បីធានានូវការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព ហើយយើងជឿជាក់ថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជននៅក្នុងប្រទេសកម្ពុជា»

គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ពីវិស័យហិរញ្ញវត្ថុ ដែលរួមពង្រឹងបន្ថែមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល និង ជម្រុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ គម្រោងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជននៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់គម្រោង នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

ការបង្កើតគម្រោងនេះ គឺផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវផ្សេងៗ ធ្វើឡើងក្នុងឆ្នាំ២០២២ ដោយ អង្គការJICA និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពី Cerise+SPTF និង អង្គការADA ប្រទេសលុចហ្សំបួរ។

ការសិក្សា រួមទាំងសិក្ខាសាលាពិគ្រោះយោបល់ដែលបានធ្វើឡើងជាមួយអាជ្ញាធរមូលដ្ឋាន បានរកឃើញស្រដៀងគ្នាអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំទៅដល់ការជម្រុញបរិយាបន្នហិរញ្ញវត្ថុនៅកម្រិតមូលដ្ឋាន។ លទ្ធផល ក៏បានឆ្លុះបញ្ចាំងតួនាទីដ៏សំខាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រកបដោយសុវត្ថិភាព ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន នៅតាមមូលដ្ឋាន។

ការអនុវត្តគម្រោងនេះ ចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ គណៈកម្មាធិការដឹកនាំគម្រោង ដែលមានធនាគារជាតិនៃកម្ពុជា ជាប្រធាន ព្រមទាំង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាន នឹងត្រួតពិនិត្យការអនុវត្តគម្រោង និងធានាឱ្យបាននូវលទ្ធផលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥។

គម្រោងនេះនឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍក្នុងតំបន់សាកល្បងគម្រោង ព្រមទាំងបន្តពង្រីកសកម្មភាពទូទាំងប្រទេសកម្ពុជាក្នុងគោលដៅរយៈពេលវែង តាមរយៈយន្តការក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានស្រាប់។ គម្រោងនេះក៏នឹងពង្រឹងភាពជាដៃគូ និងការប្រមូលធនធានដើម្បីបង្កើនគុណភាពនៃការអនុវត្ត ការចងក្រងឯកសារភស្តុតាង និងគម្រូនៃការអនុវត្តល្អបំផុត សំដៅពង្រីកវិសាលភាពគម្រោងនាពេលអនាគត៕