(ប៉េកាំង)៖ ធនាគារកណ្តាលចិនបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនរំពឹងថានឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៣ ហើយគោលនយោបាយរូបិយវត្ថុនឹងមានភាពច្បាស់លាស់និងខ្លាំងក្លា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយស្រងសម្ដីរបស់ធនាគារប្រជាជនចិនដែលលើកឡើងនៅក្នុងរបាយការណ៍ស្តីពីអនុវត្តគោលនយោបាយប្រចាំត្រីមាសរបស់ខ្លួនថា ធនាគារកណ្តាលនឹងផ្តោតលើការគាំទ្រដល់ការបង្កើនតម្រូវការក្នុងស្រុកនិងការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចនិងតម្លៃទំនិញប្រើប្រាស់ ខណៈដែលជៀសវាងប្រើប្រាស់វិធានការជំរុញសេដ្ឋកិច្ចខ្លាំងហួសហេតុ។

ទោះយ៉ាងណា ធនាគារកណ្តាលនេះបានឱ្យដឹងថា បរិយាកាសខាងក្រៅនៅតែមានភាព «ធ្ងន់ធ្ងរ និងស្មុគស្មាញ» ហើយមូលដ្ឋានគ្រឹះនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក «មិនរឹងមាំ» ទេ។ របាយការណ៍ដដែលក៏បានឱ្យដឹងផងដែរថា វិស័យអចលនទ្រព្យត្រូវការពេលវេលាសម្រាប់ការផ្លាស់ប្តូរ ខណៈដែលសម្ពាធនៃការរក្សាតុល្យភាពប្រាក់ចំណូលសារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងការចំណាយនានានៅតែបន្តកើតមាន។

របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា ប្រទេសចិននឹងពិនិត្យមើលយ៉ាងដិតដល់ទៅលើនិន្នាការនិងការប្រែប្រួលអតិផរណា និងរក្សាតម្លៃថាមពលនិងស្ថិរភាពចំណីអាហារ។

របាយការណ៍នេះមិនបានផ្លាស់ប្តូរខ្លាំងឡើយធឿបនឹងរបាយការណ៍មុន ដោយទីផ្សាររំពឹងថានឹងមានការរុះរើសមាសភាពរដ្ឋាភិបាល ជាពិសេសក្រុមការងារផ្នែកសេដ្ឋកិច្ច ហើយរំពឹងថានឹងមានការប្រកាសអំពីគោលដៅសេដ្ឋកិច្ច និងគោលនយោបាយសម្រាប់ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី៥ ខែមីនា។

លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាំង បានឱ្យដឹងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធថាប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកកំពុងរក្សាស្ថិរភាព និងកំពុងស្ទុះងើបឡើង ប៉ុន្តែនៅតែប្រឈមនឹងបញ្ហាជាច្រើន។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចចិនបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងរយៈពេលកន្លះទសវត្សរ៍ដោយសារការបិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹង និងការទប់ស្កាត់នានានៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕