(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) នៅថ្ងៃអង្គារសប្តាហ៍នេះបានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញសុទ្ធ ៧ដងនៅត្រីមាសទីបី ដែលត្រូវបានជំរុញដោយការងើបឡើងវិញយ៉ាងខ្លាំងនៃតម្រូវការធ្វើដំណើរនៅក្នុងទីផ្សារសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានរំពឹងថានឹងមានភាពរឹងមាំនៅក្នុងត្រីមាសទី៤ បន្ទាប់ពីការស្ទុះងើបឡើងវិញនៅក្នុងតំបន់អាស៊ីបូព៌ាបន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរនៅទូទាំងប្រទេសចិន ក្រុងហុងកុង ប្រទេសជប៉ុន និងកោះតៃវ៉ាន់។

ក្រុមហ៊ុន SIA ដែលកាន់កាប់ភាគហ៊ុន ២៥,១ភាគរយក្នុងក្រុមហ៊ុន Air India បន្ទាប់ពីមានការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនអាកាសចរណ៍ Vistara និងក្រុមហ៊ុនអាកាសចរណ៍ Air India ដែលគ្រប់គ្រងដោយក្រុមហ៊ុន Tata Group បានព្យាករថា សមត្ថភាពក្រុមហ៊ុននឹងឈានដល់ជាមធ្យមប្រហែល ៧៧ភាគរយនៃស្ថានភាពមុនពេលមានជំងឺកូវីដ-១៩ នៅក្នុងត្រីមាសទីបួន។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានព្រមានថា ឧស្សាហកម្មអាកាសចរណ៍នៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមនានា ដោយសារតែអតិផរណាខ្ពស់ និងតម្លៃប្រេងឥន្ធនៈកើនឡើង ស្របពេលដែលការប្រកួតប្រជែងទំនងជានឹងកើនឡើង នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍នានាបង្កើនសមត្ថភាពបន្ថែមទៀតលើផ្លូវហោះហើរអន្តរជាតិ។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានកើនឡើងដល់ ៦២៨លានដុល្លារសិង្ហបុរី (ប្រហែល ៤៦៨ដុល្លារអាមេរិក) ក្នុងរយៈពេលបីខែដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ កើនឡើងពីចំនួន ៨៥លានដុល្លារសិង្ហបុរីនៅក្នុងត្រីមាសទី៣ ឆ្នាំមុន។ បើធៀបនឹងត្រីមាស២ ប្រាក់ចំណេញសុទ្ធបានកើនឡើង ១២,៧ភាគរយ។

ប្រាក់ចំណូលសរុបបានកើនឡើង ៨ភាគរយពីត្រីមាសទីពីរដល់ ៤,៨៥ពាន់លានដុល្លារសិង្ហបុរី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕