(សិង្ហបុរី)៖ ក្រុមហ៊ុននិងពាណិជ្ជករចិនបានបង្កើនការទិញធ្យូងថ្មពីអូស្ត្រាលីក្នុងខែកុម្ភៈ ដែលត្រូវបានលើកទឹកចិត្តដោយសញ្ញានៃការបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត បន្ទាប់ពីការធ្វើពាណិជ្ជកម្មបានចាប់ផ្តើមឡើងវិញមួយផ្នែកកាលពីខែមុន បន្ទាប់ពីបានផ្អាករយៈពេលពីរឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីដើមខែមករា ទីក្រុងប៉េកាំងបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនរដ្ឋចំនួនបួន រួមមានក្រុមហ៊ុនដែកថែប Baowu Group និងក្រុមហ៊ុនរដ្ឋចំនួនបីទៀត ដឹកជញ្ជូនធ្យូងថ្មអូស្ត្រាលី ដែលជាសញ្ញាដំបូងនៃការបន្ធូរបន្ថយការហាមឃាត់ការនាំចូលចាប់តាំងពីចុងឆ្នាំ២០២០មក។ ការហាមឃាត់នេះត្រូវបានធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាប្រែជាជូរចត់ជុំវិញបញ្ហានយោបាយ និងសុខភាពសាធារណៈមួយចំនួន។

ការចាប់ផ្តើមពាណិជ្ជកម្មឡើងវិញពេញលេញរវាងប្រទេសប្រើប្រាស់ធ្យូងថ្មដ៏ធំបំផុតក្នុងពិភពលោក និងប្រទេសនាំចេញធ្យូងថ្មធំទី២ ក្នុងពិភពលោកនេះ អាចគាំទ្រតម្លៃប្រេងឥន្ធនៈដែលប្រើប្រាស់ក្នុងការផលិតថាមពល និងការផលិតដែក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុនតាមដានទិន្នន័យដឹកជញ្ជូនគឺក្រុមហ៊ុន Refinitiv និងក្រុមហ៊ុន Kpler ថា យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៥ គ្រឿងដែលដឹកជញ្ជូនធ្យូងថ្មអូស្ត្រាលីទម្ងន់ប្រហែល ១,៤លានតោនក្នុងខែកុម្ភៈទៅកាន់ប្រទេសចិន។

ពាណិជ្ជករជាន់ខ្ពស់ម្នាក់ដែលបម្រើការងារនៅក្រុមហ៊ុនរដ្ឋចិនមួយបាននិយាយថា ធ្យូងថ្មកំដៅជាង ១លានតោនផ្សេងទៀតត្រូវបានកក់ទុកដើម្បីដឹកជញ្ជូនក្នុងខែមីនា។

លោកបានមានប្រសាសន៍ថា៖ «ការជួញដូរបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលបីថ្ងៃកន្លងមកនេះបន្ទាប់ពីមានការអត្ថាធិប្បាយពីក្រសួង»

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្នុងការឆ្លើយតបទៅនឹងសំណួរក្នុងសន្និសីទសារព័ត៌មានអំពីដំណើរការនាំចូលធ្យូងថ្មរបស់អូស្ត្រាលី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វាជាសកម្មភាពពាណិជ្ជកម្មធម្មតា ហើយការជួញដូរទាំងនោះត្រូវបានដំណើរការតាមរយៈប្រព័ន្ធអាជ្ញាប័ណ្ណនាំចូលដោយស្វ័យប្រវត្តិ។

លោកស្រីបានបន្ថែមថា វាអាស្រ័យលើក្រុមហ៊ុនក្នុងការសម្រេចចិត្តដោយឯករាជ្យលើការនាំចូលធ្យូងថ្មដោយផ្អែកលើតម្រូវការ បច្ចេកវិទ្យា និងស្ថានភាពទីផ្សាររបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕