(ទីក្រុងឌុយបៃ)៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹក​នាំ​កិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការ នៃការចរចាជុំទី៣ និងជាជុំចុងក្រោយ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម។

ក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមចរចាទាំងពីរ បានអបអរសាទរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានក្រុម និងសមាជិកក្រុមការងារដែលប្រកាន់ខ្ជាប់ នូវសា្មរតីទំនួលខុសត្រូវខ្ពស់ និងភាពបត់បែន ដែលញ៉ាំងឲ្យដំណើរការចរចាជុំទី៣ និងជាជុំចុងក្រោយប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនឹងផ្លែផ្កាគួរជាទីសោមនស្សរីករាយ។

ជាលទ្ធផល ភាគីទាំងពីរសម្រេចបានការចរចាលើអត្ថបទជំពូក និងឧបសម្ព័ន្ធទាំងស្រុងនៃកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់សារជាថ្មី នូវសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ ដែលនឹងចូលរួមលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទូលំទូលាយ រវាងប្រទេសទាំងពីរ សម្រួលដល់លំហូរពាណិជ្ជកម្ម ក៏ដូចជាជំរុញការវិនិយោគទ្វេភាគី និងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាពិសេស រវាងអាស៊ាន និងមជ្ឈឹមបូព៌ា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពរៀបចំពិធីប្រកាសបិទជាផ្លូវការ ក្នុងអំឡុងដំណើរបេសកកម្មធុរកិច្ចរបស់លោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នាខែមីនាខាងមុខ។

ប្រធានក្រុមចរចាទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំចុងក្រោយនេះ និងឯកភាពពន្លឿនបញ្ចប់ការសម្អាតអត្ថបទ (Legal scrubbing) មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Cambodia-UAE CEPA ដ៏មានសារៈសំខាន់នេះនាពេលឆាប់ៗខាងមុខនេះ៕