(ម៉ានីល)៖ ព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីនបានអនុម័តលើការចូលរួមរបស់ប្រទេសនេះក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោកដែលរួមមានទាំងប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Juan Miguel Zubiri ប្រធានព្រឹទ្ធសភាហ្វីលីពីនថា សមាជិកព្រឹទ្ធសភាចំនួន២០នាក់ បានបោះឆ្នោតគាំទ្រដល់ការផ្តល់សច្ចាប័នរបស់រដ្ឋាភិបាលចំពោះកិច្ចព្រមព្រៀងនេះ។

ស្ថិតក្រោមរដ្ឋធម្មនុញ្ញហ្វីលីពីនយ៉ាងហោចណាស់ ២ ភាគ ៣ នៃសមាជិកព្រឹទ្ធសភាចំនួន២៤ រូបត្រូវតែផ្តល់ការអនុម័តដល់សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិដើម្បីផ្តល់សុពលភាព។

លោក Benjamin Diokno រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការចូលរួមក្នុងកិច្ចព្រមព្រៀងដែលមានសមាជិក ១៥ប្រទេសនេះ នឹងផ្តល់ឱ្យប្រទេសហ្វីលីពីននូវលទ្ធភាពទទួលបានការវិនិយោគកាន់តែច្រើននិងជំរុញការវិនិយោគ។

លោក Risa Honviveros ប្រធានសមាជិកព្រឹទ្ធសភាសំឡេងភាគតិច ដែលជាសមាជិកព្រឹទ្ធសភាតែម្នាក់គត់ដែលបានប្រឆាំងនឹងកិច្ចព្រមព្រៀងនេះបាននិយាយថា វិស័យកសិកម្មរបស់ហ្វីលីពីនប្រឈមនឹងការខាតបង់ពីកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕