(ភ្នំពេញ)៖ ​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រិចហ្វាម អេស៊ា ដែលជាក្រុមហ៊ុនវិនិយោគ និងនាំចេញផលិតផលកសិកម្មទៅ​កាន់​ទីផ្សារអន្តរជាតិបានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន នៅឆ្នាំនេះនឹងមានភាពប្រសើរជាង​ឆ្នាំមុន។

ឧកញ៉ា ហ៊ុន ឡាក់ បង្ហាញសុទិដ្ឋនិយមបែបនេះ ដោយសារកំណើននៃការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ដូចជា ចេក ស្វាយ មៀនប៉ៃលិនជាដើម បានកើនឡើងជាលំដាប់។

លោកបានគូសបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្មកើនឡើងនេះ ដោយការបើកឡើងវិញនៃប្រទេសចិន ដែលធ្វើឱ្យមានតម្រូវការកើនឡើង ស្របពេលបច្ចុប្បន្ននេះ តម្លៃដឹកជញ្ជូនបានធ្លាប់មកចុះមកសភាពធម្មតាវិញ បន្ទាប់ពីកើនឡើងខ្ពស់កាលពីឆ្នាំមុន។

បើតាមអ្នកនាំចេញផលិតផលកសិកម្មរួបនេះ រយៈពេល១ខែនៅដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញចេកស្រស់ប្រមាណជាង ២៨០០០តោន ខណៈស្វាយនាំចេញបានប្រមាណជាង ១ម៉ឺនតោន និងតំណាប់ស្វាយ នាំចេញបានជាង ១ពាន់តោន។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ឃើញថា ការនាំចេញផលិតផលកសិកម្មឆ្នាំនេះ អាចនឹងល្អប្រសើរជាងឆ្នាំមុន។ យើងមើលតួលេខ ធៀបនឹងឆ្នាំមុនប្រសើរជាង តែចំពោះភាគរយអត់ទាន់បានគណនានៅឡើយទេ ​តែឃើញថាប្រសើរជាងឆ្នាំទៅ ដោយសារតែតម្លៃដឹកជញ្ជូនចាប់ពីចុងឆ្នាំមកធ្លាក់ចុះល្អប្រសើរបើធៀបជាមួយតម្លៃដឹកជញ្ជូនកាលពីឆ្នាំ២០២២»

លោកបន្តថា បន្ទាប់ពីប្រទេសចិនបានបើកឡើងវិញ សង្ឃឹមថា ការនាំចេញផលិតផល និងទំនិញផ្សេង នឹងចាប់ផ្តើមប្រសើរឡើងវិញផងដែរ។

​លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងកាលពីពេលថ្មីនេះថា ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោនក្នុងមួយខែៗ។

​លោកបន្ថែមថា ដោយសារ​ចេកអំបូងលឿង មានទីផ្សារល្អ ក្រុមហ៊ុនចំនួនពីរដែលវិនិយោគដាំចេកនៅខេត្តកំពត លើផ្ទៃដីចំនួន១ ០៦៣ ហិកតា ក៏មានផែនការពង្រីកផ្ទៃដីដាំដុះផងដែរ​ ខណៈលោកនឹងជំរុញដល់សហគមន៍ និងប្រជាពលរដ្ឋនៅតំបន់នោះ ដាំដុះដំណាំនេះ​ សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកផងដែរ។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រយៈពេល១១ខែ ឆ្នាំ២០២២ ​កម្ពុជាបាននាំចេញផលិតផលកសិកម្ម សរុបមាន ចំនួន៨,២១២,៧៣៨តោន។ ទិសដៅដែលកម្ពុជា ច្រើនជាងគេ រួមមាន៖ ប្រទេសចិន ចំនួន ៦៨៩,៧០២តោន, សហភាពអ៉ឺរ៉ុបចំនួន ១៨៦,៨៩៧,តោន, តំបន់អាស៊ីចំនួន ៤,២៧៥,៤៦២តោន និងទិសដៅផ្សេងទៀតចំនួន ៧០,១៩៥តោន​៕