(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកប្រើប្រាស់កាបូបអេឡិត្រូនិករបស់ បាគង ដោយផ្ទាល់មានជាង ៥០ម៉ឺននាក់ហើយ ខណៈអ្នកប្រើប្រាស់ដោយប្រយោលប្រមាណ ៨លាននាក់។

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងការប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មាន ចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី ជា សិរី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជាបានខិតខំជំរុញការប្រើប្រាស់លើប្រព័ន្ធបាគង ជាក់ស្ដែងតាមរយៈតំណភ្ជាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩ ជាមួយសុខាភិបាលក៏ជាចំណែកមួយជំរុញ ឲ្យអ្នកប្រើប្រាស់បាគងកើនផងដែរ។ ដោយសារតែការប្រើប្រាស់បាគងមិនមែន សម្រាប់តែការទូទាត់មួយមុខនោះទេ អតិថិជនអាចប្រើប្រាស់លើការតាមដានសុខភាពរបស់ខ្លួន ដូចជាតាមដានថ្ងៃ ខែ ឆ្នាំនៃការចាក់វ៉ាក់សាំងកូវីដ១៩ជាដើម។

ទាក់ទិននឹងវិស័យហិរញ្ញវត្ថុនេះ លោកស្រី ជា សិរី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ស្ថានភាពវិស័យហិរញ្ញវត្ថុ ប្រហាក់ប្រហែលនឹងឆ្នាំមុន ឬល្អប្រសើរលើសឆ្នាំមុន ដោយសារតែស្ថានភាពថ្លៃប្រេងឥន្ទនៈ និងអតិផរណាផ្សេងៗមាននិន្នាការល្អ ទោះជាយ៉ាងនេះក្ដីកម្ពុជា នៅតែប្រឈមនឹងភាពមិនច្បាស់លាស់ ដូចជាសង្គ្រាមនៅអ៊ុយក្រែន-រុស្សី ដោយមិនបានដឹងថា នឹងមានការវិវត្តន៍បែបណាទៀត។

សូមជម្រាបថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ មានអតិថិជនជាង៥០ម៉ឺននាក់ បានប្រើប្រាស់ប្រតិបត្តិការ ក្នុងប្រព័ន្ធបាគងគិតជាទឹកប្រាក់ចំនួ ១.២ប៊ីលានដុល្លារ ចំណែកចំនួនប្រតិបត្តិដោយផ្ទាល់ និងប្រយោលមានប្រមាណ ២លានប្រតិបត្តិការ៕