(ភ្នំពេញ)៖ អ្នកវិនិយោគនៅក្នុងវិស័យកសិកម្មបានលើកឡើងថា ក្រៅពីមៀនប៉ៃលិន ដែលកំពុងដាក់លក់នៅលើទីផ្សារអនឡាញ Alibaba នៅមានផលិតផលសក្តានុពលមួយចំនួនទៀត ដែលអាចនឹងបន្តយកទៅដាក់លក់ នៅលើទីផ្សារអនឡាញបន្ថែមទៀត ខណៈបច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យលទ្ធភាព ក្នុងការចុះអនុស្សារណៈជាមួយក្រុមហ៊ុន Alibaba ដើម្បីនាំចេញផលិតផលខ្មែរជាច្រើនទៀត ទៅកាន់ទីផ្សារអនឡាញបរទេសបន្ថែម។

តាមរយៈការនាំយកផលិតផលខ្មែរ ដាក់លក់នៅលើទីផ្សារអនឡាញដ៏ល្បីរបស់ចិននេះ នឹងជំរុញឱ្យអ្នកប្រើប្រាស់នៅចិន និងទីផ្សារអន្តរជាតិ កាន់តែច្រើន ស្គាល់ពីគុណភាពផលិតផលខ្មែរ ដែលជាឱកាសល្អ ក្នុងពង្រីកទីផ្សារបន្ថែម ទៅកាន់បណ្តាប្រទេសដទៃទៀត។

ឧកញ៉ា ហ៊ុន ឡាក់ ដែលជាអ្នកវិនិយោគលើវិស័យកសិកម្ម និងជាអ្នកនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រៅពីមានមៀនប៉ៃលិន នៅមានផលិតផលសក្តានុពលមួយចំនួន ដែលកម្ពុជាអាចនាំចេញយកទៅលក់នៅលើទីផ្សារអនឡាញរបស់ចិន ដូចជា គ្រាប់ស្វាយចន្ទីកែច្នៃ ម្រេច ដំណាប់ស្វាយ អង្ករ និងចេកកែច្នៃជាដើម។

លោកបន្តថា ប្រសិនបើផលិតផលទាំងនេះ អាចដាក់លក់នៅលើទីផ្សារអនឡាញបរទេសបាន នឹងជួយជំរុញការនាំចេញបានកាន់តែច្រើនជាមុន ក៏ដូចជាបង្កើនតម្លៃបន្ថែមផងដែរ។ ជាក់ស្តែងមៀនប៉ៃលិន បន្ទាប់បានយកទៅដាក់លក់ នៅលើទីផ្សារ Alibaba កាលពីពេលថ្មីៗនេះ បានជំរុញកំណើននាំចេញ ដែលធ្វើឱ្យតម្លៃមៀនឆ្នាំនេះកើនឡើងប្រសើរជាមុន ធ្វើឱ្យកសិករឆ្នាំនេះទទួលបានផលចំណេញ និងសប្បាយចិត្ត។

ទន្ទឹមគ្នា នៅដើមឆ្នាំ២០២៣ ការនាំចេញចេក ទៅកាន់ប្រទេសចិនបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រសិនបើចេក (កែច្នៃរួច) អាចយកទៅដាក់លក់នៅលើទីផ្សារ Alibaba បាននឹងជំរុញការនាំចេញបានកាន់តែច្រើន។

លោកបន្តថា «យ៉ាងណាមិញចំណុចសំខាន់កម្ពុជា ត្រូវបង្កើនការវិនិយោគ ទៅលើការបង្កើតរោងចក្រកែច្នៃ ផលិតផលឱ្យបានច្រើន»

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអនឡាញបរទេស។

ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ហើយជាលទ្ធផលបឋមក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នា។

ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិន ដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផលត្រឹមតែរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨តោន។

គួរជម្រាបថា មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមសម្ពោធដាក់លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន បន្ទាប់ពីចិនបានអនុញ្ញាតឱ្យនាំចូលជាផ្លូវការ៕