(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម កំពុងរិះរកវិធីជំរុញប្រាក់ឈ្នួលសម្រាប់បុគ្គលិកកម្មករម៉ាឡេស៊ី ខណៈចក្ខុវិស័យសេដ្ឋកិច្ចអាប់អួរកំពុងបង្កបញ្ហាដល់រដ្ឋបាលថ្មីថ្មោងរបស់លោក។ នេះបើយោតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Rafizi Ramli ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីគ្រោងនឹងកំណត់ទិសដៅកំណើនប្រាក់ឈ្នួលសម្រាប់បុគ្គលិកកម្មករទាំងអស់ និងបង្កើតគោលនយោបាយនានាដើម្បីគាំទ្រដល់កិច្ចការនេះ។ លោកបានបន្ថែមថា ក្រុមប្រឹក្សាសកម្មភាពសេដ្ឋកិច្ចជាតិម៉ាឡេស៊ីនឹងជួបប្រជុំគ្នានៅខែមីនា ដើម្បីពិភាក្សាអំពីរឿងនេះនៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។

លោក Rafizi បានថ្លែងក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅរដ្ឋធានីរដ្ឋបាលពូត្រាចាយ៉ា (Putrajaya) ថា៖ «បញ្ហាអតិផរណានៅតែត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវ ខណៈពេលដែលប្រាក់ឈ្នួលរបស់ប្រជាជននៅតែមិនទាន់ឈានដល់កម្រិតសមរម្យ។ វាទាមទារឱ្យមានវិធីសាស្រ្តរួមគ្នាមួយ ហើយយើងមិនអាចធ្វើការដោយគ្មានការរួបរួមគ្នាតទៅទៀតទេ»

របៀបដែលម៉ាឡេស៊ីដោះស្រាយជាមួយនឹងចក្ខុវិស័យសេដ្ឋកិច្ចដែលកាន់តែមានការប្រឈមនេះ អាចជាគន្លឹះសម្រាប់ស្ថិរភាពតំណែងរបស់លោកនាយករដ្ឋមន្ត្រី អានវ៉ា ក្នុងគ្រាដែលតំណែងរបស់លោកកំពុងរង្គោះរង្គើរ។ រដ្ឋាភិបាលចម្រុះដែលមានអាយុកាលបីខែរបស់លោកនឹងត្រូវប្រឈមនឹងការបោះឆ្នោតមូលដ្ឋានចំនួនប្រាំមួយនៅចុងឆ្នាំនេះ។ ទោះបីជាការបោះឆ្នោតមិនមានផលប៉ះពាល់ដោយផ្ទាល់លើសមាសភាពសភាក៏ដោយ ក៏ការបោះឆ្នោតទាំងនោះនឹងក្លាយជារង្វាស់កម្រិតប្រជាប្រិយភាពរបស់លោក អានវ៉ា ក្នុងចំណោមម្ចាស់ឆ្នោតផងដែរ។

ការបោះឆ្នោតថ្នាក់មូលដ្ឋានគម្រោងនឹងធ្វើឡើងស្របពេលដែលមានការរំពឹងទុកថានឹងមានការថមថយកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ រដ្ឋាភិបាលម៉ាឡេស៊ីមើលឃើញថា កំណើនសេដ្ឋកិច្ចបានថយចុះមកនៅចន្លោះពី ៤% ទៅ ៥% ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការកើនឡើងក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជាង ២ទសវត្សរ៍កាលពីឆ្នាំមុន ដោយសារតម្រូវការកើនឡើង។

ទន្ទឹមនឹងនេះដែរ តម្លៃទំនិញនៅតែបន្តកើនឡើងក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយធនាគារកណ្តាលរំពឹងថា អតិផរណានឹងនៅតែកើនឡើងនៅឆ្នាំ២០២៣។ យោងតាមក្រសួងហិរញ្ញវត្ថុប្រាក់ឈ្នួលបានកើនឡើងជាមធ្យមប្រហែល ១៤០រីងហ្គីត (៣១,៩ដុល្លារ) ក្នុងមួយឆ្នាំចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕