(ប៉េកាំង)៖ ក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់ប្រទេសចិនគឺក្រុមហ៊ុន PetroChina និងក្រុមហ៊ុន Sinopec កំពុងចាប់ផ្តើមទិញប្រេងឆៅរុស្ស៊ីឡើងវិញក្នុងតម្លៃចុះតម្លៃបន្ទាប់ពីផ្អាកមួយរយៈនៅចុងឆ្នាំ២០២២ មុនពេលសហភាពអឺរ៉ុបចាបផ្តើមដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Urals របស់រុស្ស៊ី ដែលត្រូវបានប្រើប្រាស់ជាទូទៅក្នុងទ្វីបអឺរ៉ុប ឥឡូវនេះកំពុងនាំចេញទៅកាន់ប្រទេសឥណ្ឌា និងចិនបន្ទាប់ពីមានការហាមឃាត់របស់សហភាពអឺរ៉ុបលើការធ្វើពាណិជ្ជកម្មប្រេងឆៅរបស់រុស្ស៊ីដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋរបស់ប្រទេសចិនបានទទួលការអនុញ្ញាតពីក្រុមហ៊ុនមេរបស់ខ្លួនដើម្បីទិញប្រេងឆៅរបស់រុស្ស៊ីពីក្រុមហ៊ុនធ្វើពាណិជ្ជកម្មប្រេងក្នុងតម្លៃចុះភាគរយខ្លាំង ដែលនឹងកាត់បន្ថយការចំណាយបានយ៉ាងច្រើនសម្រាប់ចិនដែលជាប្រទេសអ្នកនាំចូលប្រេងឆៅលំដាប់កំពូលនៅក្នុងពិភពលោក និងបង្កើនប្រាក់ចំណេញពីការចម្រាញ់ប្រេង។

ការផ្តល់ភ្លើងខៀវឱ្យទិញឡើងប្រេងឆៅរុស្ស៊ីឡើងវិញនេះបានកើតឡើងស្របពេលដែលតម្រូវការប្រេងឥន្ធនៈសម្រាប់វិស័យដឹកជញ្ជូនកំពុងស្ទុះងើបឡើងវិញនៅក្នុងប្រទេសចិន ដែលជាអ្នកប្រើប្រាស់ប្រេងច្រើនជាងគេទី២ នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសនេះបានបញ្ចប់គោលនយោបាយកូវីដសូន្យ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពទិន្នន័យនានា និងក្រុមហ៊ុនតាមដានទិន្នន័យដឹកប្រេង Refinitiv និងក្រុមហ៊ុន Kpler ថា ក្រុមហ៊ុន PetroChina នឹងទទួលបានប្រេងឆៅប្រភេទ Urals ប្រហែល ១,៥លានបារ៉ែលនៅចុងខែនេះដែលដឹកជញ្ជូនតាមនាវាដឹកប្រេង Aframax NS Arctic និង Crudemed ទៅកាន់រោងចក្រចម្រាញ់ប្រេងដែលមានសមត្ថភាពចម្រាញ់ប្រេង ២សែនបារ៉ែលក្នុងមួយថ្ងៃរបស់ខ្លួននៅទីក្រុង ជីងចូវ (Qinzhou) ខេត្តក្វាងស៊ី។

ទិន្នន័យទាំងនេះបានបង្ហាញថា ក្រុមហ៊ុននេះក្នុងពេលចុងក្រោយបំផុតបាននាំចូលប្រេងឆៅប្រភេទ Urals ចំនួន ៧៣ម៉ឺនបារ៉ែលក្នុងខែតុលា និងវិច្ឆិកា។

ប្រភពចំនួនប្រាំដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន Unipec ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនចម្រាញ់ប្រេង Sinopec ក៏គ្រោងនឹងបន្តការនាំចូលឡើងវិញផងដែរ បើទោះបីជាឥឡូវនេះមិនទាន់មានព័ត៌មានច្បាស់លាស់ភ្លាមៗអំពីបរិមាណដែលក្រុមហ៊ុននេះបានទិញ និងកន្លែងដែលប្រេងនឹងត្រូវបានចែកចាយទៅកាន់ក៏ដោយ។

ក្រុមហ៊ុន Sinopec និងក្រុមហ៊ុន PetroChina មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។
ពាណិជ្ជករប្រេងម្នាក់ដែលមានមូលដ្ឋាននៅប្រទេសចិនបានប្រាប់រ៉យទ័រថា៖ «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលឃើញក្រុមហ៊ុនចម្រាញ់រដ្ឋរបស់ចិនទិញប្រេងពីរុស្ស៊ីនៅពេលនេះ។ តម្លៃប្រេងឆៅប្រភេទ Urals មានកម្រិតទាបជាងតម្លៃដែលត្រូវបានកំណត់ ហើយទិញបានទាន់ពេលវេលា ខណៈដែលក្រុមហ៊ុនទាំងនោះនឹងបង្កើនការចម្រាញ់ប្រេងនៅពេលដែលតម្រូវការរបស់ប្រទេសចិនកើនឡើង»