(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉ាត់ អាល់-ហាចរី (Mohamad S Alhjri) ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។

ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោកអគ្គរដ្ឋទូត បានជម្រាបជូន អ្នកឧកញ៉ាប្រធាន អំពីគោលបំណងរបស់ស្ថានទូតគុយវ៉ែត ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ លើវិស័យសំខាន់ៗជាពិសេសវិស័យថាមពល និងការនាំអង្កពីកម្ពុជាទៅគុយវ៉ែត។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មគុយវ៉ែត បានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅកាន់ប្រទេសគុយវ៉ែតក្នុងពេលវេលាសមស្រប។ ក្រៅពីកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ថានទូតគុយវ៉ែត បានធ្វើសកម្មភាពមនុស្សធម៌ជាមួយសមាគមនានានៅកម្ពុជាដែរ។

ដោយឡែក លោកឯកអគ្គរដ្ឋទូត បានជម្រាបជូន អំពីការបើកស្ថានទូត អារ៉ាប៊ីសាអូឌីត នៅកម្ពុជា នាពេលអគនាគតដ៏ខ្លី។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគោលបំណងនៃកិច្ចសហប្រតិបត្តិការ ដែលលើកឡើងដោយ លោកឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា កម្ពុជាសំបូរផលិតផល
ស្រូវអង្ករដែលអាចផ្គត់ផ្គង់ទៅទីផ្សារគុយវ៉ែត ហើយកម្ពុជាត្រូវការជំនាញឯកទេសពីគុយវ៉ែត លើវិស័យថាមពល ជាពិសេស ប្រេងនិងឧស្ម័ន។

អ្នកឧកញ៉ាប្រធាន ស្នើលោកឯកអគ្គរដ្ឋទូត ជំរុញវិនិយោគិនគុយវ៉ែតវិនិយោគវិស័យខាងលើ និងបានជម្រាបជូនអំពីការរីកច្រើនសេដ្ឋកិច្ចកម្ពុជា វិស័យសក្តានុពលនានា និងសុខសន្តិភាព ស្ថិរភាពកម្ពុជា ដែលជាកត្តាដ៏សំខាន់សម្រាប់វិនិយោគិន។ បន្ថែមពីលើនេះ អ្នកឧកញ៉ាប្រធាន ស្នើជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

អ្នកឧកញ៉ាប្រធាន នឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចធុរកិច្ច ទៅកាន់ប្រទេសគុយវ៉ែត ក្នុងពេលវេលាសមស្រប និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយ ស្ថានទូតគុយវ៉ែត រួមទាំងសកម្មភាពមនុស្សធម៌ផងដែរ។

គួរបញ្ជាក់ថា ប្រទេសគុយវ៉ែត គឺជាប្រទេសអាស៊ីខាងលិច ដែលមានសេដ្ឋកិច្ចរីកចម្រើន និងសំបូរដោយធនធានប្រេង និងឧស្ម័ន។ គុយវ៉ែត ជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ Gulf Cooperation Council (GCC) ដែលមានប្រទេសជាសមាជិកចំនួន៦ គឺ អារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊េមីរ៉ាតអារ៉ាប់រួម កាតា (Qatar) បារ៉ែន (Bahrain) និងអូម៉ង់ (Oman)។ គុយវ៉េត ក៏ជាសមាជិកអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)ផងដែរ ដែលមានរដ្ឋជាសមាជិកចំនួន ៥៦ ប្រទេស៕