(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅកំពង់ផែស្វ័យក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ ចំនួនប្រមាណ៥.៣លានតោន កើនឡើង ១.២៩% និងចំណូលសរុបមានចំនួនប្រមាណ៣៥១ប៊ីលានរៀល (ប្រមាណ៨៦លានដុល្លារអាមេរិក) កើនឡើង២.៤៥% ធៀបនឹងការអនុវត្តឆ្នាំ២០២១។

កំពង់ផែស្វ័យក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែ ក្នុងតំបន់ដ៏មានសក្តានុពលក្នុងការគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុងស្ថិត ក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

បន្ថែមពីនោះទៀត ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ដថា កំពង់ផែស្វ័យក្រុងព្រះសីហនុ បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាព សាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ ប្រវែង៤០០ម៉ែត្រ ជម្រៅទឹក ១៦ម៉ែត្រ (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧.៥ម៉ែត្រ (២០២៦-២០៣០)។

ដោយឡែក ការងារកំពង់ផែស្វយ័តភ្នំពេញ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា​ កំពង់ផែស្វយ័តភ្នំពេញ មានទំនិញឆ្លងកាត់ចំនួនប្រមាណ ៤.២លានតោន កើនឡើង៩% និងចំណូលសរុបមានចំនួន ប្រមាណ១៦៣ប៊ីលានរៀល (ប្រមាណ ៤០លានដុល្លារអាមេរិក) កើនឡើង ១៧.១០% ធៀបនឹងការអនុវត្តឆ្នាំ២០២១។

កំពង់ផែស្វយ័តភ្នំពេញ បានបញ្ចប់ការងារសាងសង់ទីលានស្តុកកុងតឺន័រជំហានទី៣ ដំណាក់កាលទី២ (ប្លង់B) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន នៅចំណតផែកុងតឺន័រ LM១៧ និងបានបញ្ចប់ការងារ សាងសង់ស្ពានផែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅចំណតផែពហុបំណងទន្លេបិទ (UM២)។

លើសពីនោះទៀត កំពង់ផែស្វយ័តភ្នំពេញ បានបញ្ចប់ការងារសាងសង់ស្ពានផែទេសចរណ៍ចំនួន៣ទីតាំង នៅចំណតផែពហុបំណង (TS៣) ផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៣៣លានដុល្លារ កើនឡើង១៤.៣៧ភាគរយ។ ចំណែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានប្រមាណ ៩០លានដុល្លារអាមេរិក មានការកើនឡើង១៧.៦៤ភាគរយ៕