(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា កម្ពុជានឹងក្លាយជាសមាជិកប្រព័ន្ធទូទាត់អន្ដរធនាគារចិន (CIPS) នាពេលឆាប់ៗខាងមុខនេះ ក្រោយពីភាគីកម្ពុជា បានជជែកពិភាក្សា និងសិក្សាលម្អិត ពីការចូលជាសមាជិក នៃប្រព័ន្ធទូទាត់អន្ដរធនាគារចិនរួចរាល់។

ក្នុងជំនួបរវាងអ្នកសារព័ត៌មានពីបណ្ដាស្ថាប័នផ្សេងៗ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី ជា សិរី បានថ្លែងថា «ធនាគារជាតិនៃកម្ពុជា បានសិក្សាលម្អិត ពីតម្រូវការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS តាំងពីប្រព័ន្ធនេះ បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៥មក ដូច្នេះធនាគារជាតិ បានដឹងពីតម្រូវការ ដែលនឹងអាចក្លាយជាសមាជិកនៃ CIPS នេះ។ មួយវិញទៀតថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ បានជជែកពិភាក្សា ព្រមទាំងបានឯកភាពគ្នា ជាគោលការណ៍រួចទៅហើយ ដូច្នេះសង្ឃឹមថា នឹងជួយពន្លឿននីតិវិធី ដើម្បីឱ្យកម្ពុជាចូលជាសមាជិក CIPS នាពេលឆាប់ៗ»

លោកស្រី ជា សិរី បានបន្ដថា CIPS ជាប្រព័ន្ធទូរទាត់ថ្នាក់អន្ដរជាតិ ដូចនឹងប្រព័ន្ធ SWIFT ដែលផ្ដល់នូវសេវាផាត់ទាត់ និងទូទាត់ សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែន ជាប្រាក់យ៉ន់ចិន។ CIPS ត្រូវបានបង្កើតឡើងដោយធនាគារកណ្ដាលចិន នៅឆ្នាំ២០១៥ ហើយសមាជិកដំបូងរបស់ CIPS មានសមាជិកផ្ទាល់២៧ និងសមាជិកប្រយោល៤០០គ្រឹះស្ថានហិរញ្ញវត្ថុ។

បច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់ចំនួន៧៦ និងសមាជិកប្រយោល ១ ២៦៥គ្រឹះស្ថាន ក្នុងនោះមកពីតំបន់អាស៊ី៩៦៥, ទ្វីបអឺរ៉ុប១៨៥, ទ្វីបអាហ្វ្រិក៤៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង១៧១ ដែលមកពី១០៦ប្រទេស។

លោកស្រី ជា សិរី បានថ្លែងបញ្ជាក់ថា ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្ពុជាដូចជា ផ្តល់ជម្រើសបន្ថែម ក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់ និងសម្រួល និងជំរុញពាណិជ្ជកម្មការវិនិយោគ ទេសចរណ៍ ពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន និងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់ ព្រមទាំងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។

លោកស្រី ជា សិរី បានបញ្ជាក់ថា «មិនប្រកដថា រាល់ប្រតិបត្តិការតាម CIPS មានតម្លៃទាបជាង SWIFT ហើយក៏មិនប្រាកដថា រាល់ប្រតិបត្តិការតាម SWIFT មានតម្លៃទាបជាង CIPS ទេ ដូច្នេះកាលណាមាន ២ជម្រើសយើងចំណេញជាងទទួលបានតែមួយជម្រើស ដូច្នេះខាងណាចំណាយទាបជាង ខាងណាឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ»