(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងបញ្ជាក់ថា ការចូលជាសមាជិកថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ពីក្រុមហ៊ុនធានារ៉ាប់រង ជាការមើលឃើញពីកាលានុវត្តន៍ភាពនៃការប្រើប្រាស់ឌីជីថលូបនីយកម្មនេះ ដើម្បីអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាធានារ៉ាប់រងរបស់ខ្លួន ហើយការចូលរួមនេះ ជាការបើកជំហ៊ានមួយថ្មី ដើម្បីចូលរួមក្នុងការប្រើប្រាស់ ក៏ដូចជាការអភិវឌ្ឍ និងទាញយកអត្ថប្រយោជន៍ ពីអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ។

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានថ្លែងដូចនេះនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការទទួលយក និងការអនុវត្តតាមវិធាន និងនីតិវិធីនៃការចូលជាសមាជិកថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា រវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន អេហ្វ ដាប់ប៊លយូឌីឡាយហ្វ័ អ៊ិនសួរេន (ខេមបូឌា) ម.ក និងក្រុមហ៊ុន អិមជីអេ អេស៊ា ស៊ិនសួរិន ប្រូកឃើរ ខូ អិលធីឌី (MGA) ។

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានថ្លែងដូចនេះថា «និយ័តករធានារ៉ាប់រងកម្ពុជា ស្វាគមន៍ចំពោះការចូលរួមពីវិស័យឯកជន ជាមួយនឹងរាជរដ្ឋាភិបាលដែលបានមើលឃើញពីកាលានុវត្តន៍ភាព នៃការប្រើប្រាស់ឌីជីថលូបនីយកម្មនេះ ដើម្បីអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាធានារ៉ាប់រង ហើយការចូលរួមពីវិស័យធានារ៉ាប់រងនេះជាការបើកជំហ៊ានមួយថ្មី ដើម្បីចូលរួមក្នុងការប្រើប្រាស់ក៏ដូចជាការអភិវឌ្ឍនិងទាញយកអត្ថប្រយោជន៍ពីអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ យើងជាវិស័យឯកជនគឺចូលរួមក្នុងការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ទម្រង់នេះ នឹងបន្តប្រើប្រាស់ក្នុងការទាញយកអតិជនថ្មីៗបន្ថែមទៀត ក៏ដូចជាកាលានុវត្តន៍ភាពនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងរបស់ខ្លួន»

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានបន្ថែមថា ក្នុងនាមនិយ័តករធានារ៉ាប់រងចូលរួមគាំទ្រនៅក្នុងកិច្ចសន្យារវាងវិស័យឯកជន ជាមួយនឹងរាជរដ្ឋាភិបាល ដោយនិយ័តករធានារ៉ាប់រងកម្ពុជា គឺមានផែនការរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០៣០ ដែលក្នុងនោះបច្ចេកវិទ្យាធានារ៉ាប់រង គឺជាគោលការណ៍មួយដែលជាទិសដៅដែលនិយ័តករធានារ៉ាប់រងត្រូវតែអភិវឌ្ឍន៍ផងដែរ។

ជាមួយគ្នានោះលោកស្រី បានបន្ថែមទៀតថា គិតមកដល់ពេលបច្ចុប្បន្ននេះនិយ័តករធានារ៉ាប់រងកម្ពុជា ក៏បានចុះបញ្ជីចូលរួមប្រើប្រាស់ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជានេះដែរ ហើយតាមរយៈការចុះហត្ថលេខាចូលរួមរវាងក្រុមហ៊ុនធានារ៉ាប់រង២នាថ្ងៃនេះ នឹងអាចបន្តមានក្រុមហ៊ុនផ្សេងៗទៀតចូលរួមផងដែរ តាមរយៈការមើលឃើញពីភាពចាំបាច់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជានេះ ដោយលោកស្រីនឹងបន្តជំរុញឱ្យមានក្រុមហ៊ុនធានារ៉ាប់រងចូលកាន់តែច្រើនបន្ថែមទៀតផងដែរ។

បើតាមលោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការទទួលយក និងការអនុវត្តតាមវិធាន និងនីតិវិធីនៃការចូលជាសមាជិកថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា គឺពិតជាមានសារៈសំខាន់សម្រាប់វិស័យឯកជន មិនថាវិស័យធនាគារ និងវិស័យធានារ៉ាប់រងនោះឡើយ ការចូលជាសមាជិកនេះគឺវិស័យធានារ៉ាប់រងឯកជន អាចផ្ទៀងផ្ទាត់និន្នន័យ ជាមួយនឹងនឹន្នន័យអត្តសញ្ញាបណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីអាចយកនិន្នន័យទាំងអស់នេះជាមូលដ្ឋាន ក្នុងការលក់នូវធានារ៉ាប់រងផ្សេងៗ ជាពិសេសធានារ៉ាប់រងទាក់ទងនឹងអាយុជីវិត និងធានារ៉ាប់រងលើសុខភាព។

លោកបានអះអាងទៀតថា ការចូលជាសមាជិកនេះក៏នឹងជួយពន្លឿនការលក់ធានារ៉ាប់រងនេះកាន់តែល្អប្រសើរជាងមុន ដោយមិនចាំបាច់តម្រូវឱ្យមានការដាក់តម្កល់នូវអត្តសញ្ញាបណ្ណទៀតនោះទេ ដោយសារមានប្រព័ន្ធនិន្នន័យបានផ្ទៀតផ្ទាត់រួចហើយ។ ដោយឡែកចំពោះស្ថាប័ននិងវិស័យឯកជនដែលមិនទាន់បានចូល គឺនៅតែអាចបន្តនិតិវិធីតាមធម្មតាដដែល តែបើធៀបនឹងការប្រកួតប្រជែងការផ្តល់សេវាជូូនដល់អតិថិជន អាចនឹងមានការយឺតយ៉ាវជាងក្រុមហ៊ុន ដែលបានចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថលនេះផងដែរ។

លោក តាំង ងួនលី បានបន្ថែមថា មកដល់ពេលនេះថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា មានសមាជិកចំនួន៥ រួចមកហើយ ដែលក្នុងនោះសុទ្ធតែជាសមាជិកដែលមកពីវិស័យហិរញ្ញវត្ថុនោះទេ រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២ និងធនាគារចំនួន៣ ហើយចំពោះវិស័យធានារ៉ាប់រងវិញ គឺមានក្រុមហ៊ុន អេហ្វ ដាប់ប៊លយូឌី ឡាយហ្វ័ អ៊ិនសួរេន (ខេមបូឌា) ម.ក និងក្រុមហ៊ុន អិមជីអេ អេស៊ា ស៊ិនសួរិន ប្រូកឃើរ ខូ អិលធីឌី (MGA) ជាក្រុម២ដំបូងដែលបានចូលក្នុងថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជាផងដែរ៕