(ភ្នំពេញ)៖ ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) បានប្រកាសពីការចង់លក់ភាគហ៊ុន តែរឿងនេះត្រូវរង់ចាំការសម្រេចពីនិយ័តករមូលបត្រកម្ពុជា (SERC) ជាមុនសិន។ នេះបើតាម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងក្នុងសិក្ខាសាលាស្តីអំពីការស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា និងត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ។

ទោះបីជាត្រូវរង់ចាំ តែនិយ័តករមូលបត្រកម្ពុជា បានប្រកាសស្វាគម៍លោក គួច ម៉េងលី រួចហើយ ដែលលោកនាំគ្រឹះស្ថានសិក្សារបស់ខ្លួន ឡើងទីផ្សារមូលបត្រកម្ពុជា (SCX) និងលក់ភាគហ៊ុន ១០លានដុល្លារ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)។

លោក គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃ/ភាគហ៊ុនគឺស្ថិតក្រោមការសម្រេចយល់ព្រមពី និយ័តករមូលបត្រកម្ពុជា។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថា នឹងទទួលបានការអនុម័តជាផ្លូវការនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣។ យើងមានគម្រោង ប្រមូលរហូតដល់ ១០លានដុល្លារ ប្រមាណ ៥.៨៨% នៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់យើង»

ថ្លែងក្នុងសិក្ខាសាលានោះដែរ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជី១៦ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន ៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណ។ ក្រុមហ៊ុនទាំង១៥នេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា ១.១២២ប៊ីលានរៀល (២៨១លានដុល្លារ)។

ផ្សារមូលបត្រកម្ពុជា ក៏រំពឹងថា ក្រុមហ៊ុនធំៗនៅកម្ពុជា នឹងអាចបោះជំហានមកចូលក្នុងទីផ្សារមូលបត្រនាពេលអនាគតផងដែរ។

សូមជម្រាបថា លោក គួច ម៉េងលី មានបំណងពង្រីកសាលាឲ្យដល់ ១៦០សាខាទូទាំងប្រទេស ខណៈបច្ចុប្បន្នមាន ១៥សាខា។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់លោក ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣។

ចំនួនទឹកប្រាក់សរុបដែលប្រមូលបានសម្រាប់ក្រុមហ៊ុនប្រមាណជា ៧លានដុល្លារ បូកនឹងចំណូលថវិកាផ្ទៃក្នុង និងប្រាក់កម្ចីធនាគារថ្មីនឹងត្រូវបានប្រើប្រាស់សម្រាប់ការពង្រីកសាខាថ្មីចំនួន ២០ទីតាំងបន្ថែមទៀត ដែលមានក្នុងដៃរបស់យើងរួចជាស្រេច។ ក្នុងការណ៍ដែលមានតម្រូវការច្រើនជាងការរំពឹងទុក យើងនឹងស្វែងរកការសម្រេចយល់ព្រមសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនបន្ថែម ដែលអាចដល់ ២០% ដែលជាភាគរយអតិបរមា។ នេះបើតាម លោក គួច ម៉េងលី៕