(អាប៊ុយដាប៊ី)៖ ប្រទេសថៃ និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានព្រមព្រៀងបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយ (CEPA) និងបង្កើតក្រុមប្រឹក្សាធុរកិច្ចរួមមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយមានគោលដៅបង្កើនការនាំចេញរបស់ថៃដល់ ៣០ពាន់លានបាត (ប្រហែល ៩០០លានដុល្លារ) នៅឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ ដោយដកស្រង់សំដីលោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ដែលបានថ្លែងបន្ទាប់ពីដឹកនាំក្រុមនាយកប្រតិបត្តិក្រុមហ៊ុនរដ្ឋ និងឯកជនក្នុងកិច្ចពិភាក្សាជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមថា វាជាថ្ងៃប្រវត្តិសាស្ត្រមួយ សម្រាប់ប្រទេសទាំងពីរ ដែលបានព្រមព្រៀងលើយន្តការមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ប្រទេសទាំងពីរមានបំណងបញ្ចប់សេចក្តីលម្អិត នៃកិច្ចព្រមព្រៀងនេះក្នុងរយៈពេលប្រាំមួយខែ។

យោងតាមលោក Jurin កិច្ចព្រមព្រៀង CEPA នឹងជួយពង្រីកពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

នៅក្នុងជំនួបនោះ វិស័យធុរកិច្ចថៃ និងអេមិរ៉ាតអារ៉ាប់រួមក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផងដែរ ដើម្បីបង្កើតក្រុមប្រឹក្សាធុរកិច្ចរួមមួយដើម្បីឆ្ពោះទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច។

ក្រុមធុរកិច្ចថៃក្នុងវិស័យឡូជីស្ទិក និងដឹកជញ្ជូនក៏បានចុះហត្ថលេខាផងដែរ លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកឡូជីស្ទិក ជាមួយក្រុមហ៊ុន Dubai World ដែលជាក្រុមហ៊ុនបណ្តាញដឹកជញ្ជូន តាមផ្លូវអាកាសសកលដែលមានកំពង់ផែចំនួន៧៨ និងព្រលានយន្តហោះចំនួន២៤០ ជុំវិញពិភពលោក។

លោក Jurin ត្រូវបានកាសែតបាងកកប៉ុស្តិ៍ស្រង់សំដីថា លោកបានស្នើឱ្យវិនិយោគិនអេមីរ៉ាតអារ៉ាប់រួមវិនិយោគនៅក្នុងប្រទេសថៃ និងប្រើប្រាស់សិទ្ធិដែលផ្តល់ដោយប្រទេសថៃឱ្យល្អបំផុត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។

បច្ចុប្បន្ន ប្រទេសថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៤ ជាមួយប្រទេសចំនួន ១៨ រួមទាំងភាពកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលបានចូលជាធរមាននៅដើមឆ្នាំមុនផងដែរ៕