(សិង្ហបុរី)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី (EDB) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សិង្ហបុរីបានទាក់ទាញការវិនិយោគ លើទ្រព្យកម្មថេរចំនួន ២២,៥ ពាន់លានដុល្លារសិង្ហបុរី (១៧ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ដែលកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា ក្នុងឆ្នាំ២០២១ សិង្ហបុរីបានទាក់ទាញការវិនិយោគចំនួន ១១,៨ពាន់លានដុល្លារសិង្ហបុរី ធ្លាក់ចុះពី ១៧,២ពាន់លានដុល្លារសិង្ហបុរី ដែលបានប្តេជ្ញាវិនិយោគក្នុងឆ្នាំ២០២០។

វិស័យអេឡិកត្រូនិក បានជំរុញកំណើនវិនិយោគ កាលពីឆ្នាំមុនដែលស្មើនឹងប្រហែល ២ភាគ៣ នៃការប្តេជ្ញាចិត្តវិនិយោគលើទ្រព្យសកម្មថេរសរុប។

លោកស្រី Jacqueline Poh នាយកគ្រប់គ្រង EDB បាននៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «លទ្ធផលដ៏ល្អដែលលើសពីគោលដៅរបស់យើងនេះ គឺដោយសារតែការហូរចូលលើសពីធម្មតា នៃគម្រោងផលិតកម្មធំៗ ដើម្បីបំពេញតាមការកើនឡើងតម្រូវការឧបករណ៍ស៊ីមីកុងដាក់ទ័រពិភពលោក ជាពិសេសក្នុងអំឡុងឆមាសទីមួយ ឆ្នាំ២០២២»

ការវិនិយោគលើទ្រព្យសកម្មថេរ សំដៅលើការវិនិយោគដើមទុនបន្ថែម លើគ្រឿងបរិក្ខារ ឧបករណ៍ និងគ្រឿងចក្រដោយក្រុមហ៊ុនមួយ។ ការវិនិយោគលើទ្រព្យសកម្មថេរ កាលពីឆ្នាំមុនបានកើនលើសពីគោលដៅរបស់ EDB ដែលមានចន្លោះពី ៨ពាន់លានដុល្លារសិង្ហបុរី ទៅ ១០ពាន់លានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យមទៅវែង៕