(ប៉េកាំង)៖ រដ្ឋបាលរដ្ឋប្តូរប្រាក់បរទេសចិន បានឱ្យដឹងនៅថ្ងៃអង្គារថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិន បានកើនឡើង ១.៨២ភាគរយដល់ ៣.១៨ពាន់ពាន់លានដុល្លារនៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ធៀបនឹងដំណាច់ខែធ្នូឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ រដ្ឋបាលរដ្ឋប្តូរប្រាក់បរទេសចិនថា ការកើនឡើងនេះ គឺដោយសារការប្តូររូបិយប័ណ្ណបរទេស និងការប្រែប្រួលតម្លៃទ្រព្យសកម្ម។

និយ័តករប្តូររូបិយប័ណ្ណបរទេសនេះបានបន្តថា ដោយរងឥទ្ធិពលពីការរំពឹងទុកគោលនយោបាយរូបិយវត្ថុ និងទិន្នន័យម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំៗ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ហើយតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុសកល បានកើនឡើងកាលពីខែមុន។

និយ័តករនេះបានបន្ថែមថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិន ត្រូវបានរំពឹងថា នឹងមានស្ថិរភាពជាទូទៅ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិន បន្តងើបឡើងវិញ៕