(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំរវាងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ ជាមួយសភាពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ពាក់ព័ន្ធនឹងការបំពេញ កាតព្វកិច្ចសារពើពន្ធ ដែលលើកឡើងដោយសមាគមពាណិជ្ជកម្ម កម្ពុជា-ជប៉ុន (JBAC)។

កិច្ចប្រជុំនេះក្រោមសហអធិបតីភាព លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលេខាធិការនៃក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជនតំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Kanda Yogo ប្រធានសភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះផងដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ និងសមាជិករបស់សភាពាណិជ្ជកម្ម កម្ពុជា-ជប៉ុន (JBAC) នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិត អេង រតនា មានមតិស្វាគមន៍ចំពោះវត្តមានរបស់សមាជិកអង្គប្រជុំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹករបស់ខ្លួនចូលរួមកិច្ចប្រជុំនេះ ជាពិសេសបានលើកពីកិច្ចសហប្រតិបត្តិការល្អរវាង អគ្គនាយកដ្ឋានពន្ធដារ និង JBAC ដោយបានដោះស្រាយនូវបញ្ហាប្រឈមនានា ទាក់ទិននឹងពន្ធដាររបស់ក្រុមហ៊ុនជាសមាជិក JBAC ជាបន្តបន្ទាប់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលសភាពាណិជ្ជកម្ម កម្ពុជា-ជប៉ុន (JBAC) បាននិងកំពុងជួបក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារដែលមានរបៀបវារៈចំនួន៥៖

១៖ ពន្ធលើប្រាក់បៀវត្សលើសមាជិកក្រុមប្រឹក្សាភិបាលជាអនិវាសនជន (Non-Resident Director)
២៖ ការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម
៣៖ ពន្ធលើប្រាក់បៀវត្សលើប្រាក់បំណាច់អតីតភាពការងារ
៤៖ ពន្ធលើប្រាក់ចំណូល (សេចក្តីណែនាំលេខ ១០៩៧៩ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២)
និង៥)៖ ពន្ធលើប្រាក់ចំណូល (ការប្រើប្រាស់យោងខាតនៅលើប្រព័ន្ធ E-Filing)។

អគ្គនាយកដ្ឋានពន្ធដារ បានយកចិត្តទុកដាក់ស្តាប់ នូវការលើកឡើងពីបញ្ហាប្រឈមនីមួយៗពី JBAC និងបានពិភាក្សា

១៖ ពន្ធលើប្រាក់បៀវត្សលើសមាជិកក្រុមប្រឹក្សាភិបាលជាអនិវាសនជន (Non-Resident Director)៖

អគ្គនាយកដ្ឋានពន្ធដារ បានទទួលយកសំណើលើការមិនកំណត់ពន្ធលើប្រាក់បៀវត្សរបស់ / Non-Resident Director (Non-Executive Directors) ករណី Non-Executive Directors នោះគ្រាន់តែឈរ ឈ្មោះក្នុងបណ្ណប៉ាតង់ និងមិនបានបម្រើ សេវាណាមួយជាប្រយោជន៍ ឲ្យសហគ្រាសនៅកម្ពុជា ទោះបីជាផ្អែកតាមច្បាប់និងបទប្បញ្ញត្តិ Non-Executive Directors គឺនិយោជិតដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្ស និងបានសន្យាចេញសេចក្ដីណែនាំបន្ថែម បញ្ជាក់លម្អិតលើករណីនេះ។

២៖ ការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម៖

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងវិញពីសាវតារ និងបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម និងសារៈសំខាន់របស់ប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មអនឡាញ(E-Filing) ដែលផ្តល់ភាពច្បាស់លាស់ ក្នុងការបង្វិលសងអាករលើតម្លៃបន្ថែមជូនអ្នកជាប់ពន្ធ។

ដើម្បីពន្លឿនការបង្វិលសងអាករលើតម្លៃបន្ថែម ឲ្យបានឆាប់រហ័ស អគ្គនាយកដ្ឋានពន្ធដារស្នើឲ្យ JBAC ជំរុញក្រុមហ៊ុនដែលជាសមាជិកឲ្យស្នើសុំបង្វិលសងប្រាក់អាករ លើតម្លៃបន្ថែមឲ្យបានឆាប់រហ័ស ជាពិសេសក្រុមហ៊ុនជប៉ុនដែលភាគច្រើនទទួលបានអនុលោមភាពសារពើពន្ធកម្រិត មាសដែលត្រូវបានអនុញ្ញាតឲ្យបង្វិលសង ដោយរង់ចាំផ្ទៀងផ្ទាត់វិក្កយបត្រអាករតាមក្រោយ សម្រាប់ទឹកប្រាក់ស្នើសុំ បង្វិលសងត្រឹម ៥០០ លានរៀល។

៣៖ ពន្ធលើប្រាក់បៀវត្សលើប្រាក់បំណាច់អតីតភាពការងារ៖

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាព ការងារក្នុងឆ្នាំ២០១៩ ត្រូវបានលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករ និយោជិតជនជាតិខ្មែរ និងចំពោះកម្មករ និយោជិតជនជាតិបរទេស ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន។

៤៖ ពន្ធលើប្រាក់ចំណូល (សេចក្តីណែនាំលេខ ១០៩៧៩ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២)៖

អគ្គនាយកដ្ឋានពន្ធដារ បានបកស្រាយ និងបញ្ជាក់ពីឯកសារតម្រូវសម្រាប់ក្រុមហ៊ុនអនុវត្តអត្រា ការប្រាក់សូន្យចំពោះប្រាក់កម្ចីពីបុគ្គលទាក់ទិន ដោយក្នុងនោះ ក្រុមហ៊ុនត្រូវមានឯកសារចំនួន ៣ រួមមាន៖ កិច្ចសន្យាខ្ចីប្រាក់ដែលមានបញ្ជាក់ច្បាស់លាស់ពីរយៈពេលខ្លី និងសងប្រាក់ គម្រោងផែនការអាជីវកម្ម (Business Plan) ឬរបាយការណ៍ហិរញ្ញវត្ថុនាពេលខ្ចី និងរបាយការណ៍ហិរញ្ញវត្ថុប៉ាន់ស្មាន (Current and Forecasted Financial Statements) និងគោលបំណងនៃការខ្ចីប្រាក់ រួមនឹងសេចក្តីពន្យល់ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល (ចំពោះសហគ្រាសដែលមិនមែន ជាសហគ្រាសឯកបុគ្គល ទទួលខុសត្រូវមានកម្រិត) ដោយឡែក ក្នុងករណីដែលសហគ្រាសមិនបានរក្សាទុកនូវឯកសារតម្រូវទាំងនោះទេ ប្រតិបត្តិការខ្ចីប្រាក់ពីបុគ្គលទាក់ទិន នឹងត្រូវអនុវត្តតាមគោលការណ៍ជំហោងដៃ (Arm's Length Principle)។

៥៖ ពន្ធលើប្រាក់ចំណូល (ការប្រើប្រាស់យោងខាតនៅលើប្រព័ន្ធ E-Filing)៖

អគ្គនាយកដ្ឋានពន្ធដារ​ បានបញ្ជាក់ថា ការកាត់កងខាតយោងទៅមុខនៅក្នុងប្រព័ន្ធ TOI E-Filing គឺតម្រូវឲ្យសហគ្រាសបំពេញតួលេខទាំងអស់ឡើងវិញ នៅក្នុងតារាងតាមដានលទ្ធផលសារពើពន្ធ ខាតយោងទៅមុខ (ជំហានទី៩) ជារៀងរាល់ឆ្នាំដោយមិនអាចយោងតួលេខ ពីលិខិតប្រកាសពន្ធលើប្រាក់ចំណូលឆ្នាំមុនមកប្រើប្រាស់ឡើយ ដោយហេតុថាតួលេខទាំងនោះ អាចប្រែប្រួលតាមលក្ខខណ្ឌ អនុញ្ញាតយោងខាត និងលទ្ធផលសវនកម្ម។

លោកបណ្ឌិត អេង រតនា បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក JBAC ដែលជាអ្នកជាប់ពន្ធមានកម្រិតអនុលោមភាពសារពើពន្ធខ្ពស់ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕