(ភ្នំពេញ)៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា ក្រុមហ៊ុនរបស់ជប៉ុន នឹងសម្រេចចិត្តវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំនេះ។

លោក អួន ស៊ីឡុត រំពឹងបែបនេះ បន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន​​ចំនួន៣ មកពីជប៉ុន បានមកសិក្សាពីសក្តានុពលនៃវិស័យស្វាយចន្ទីជាលើកចុងក្រោយ​​ និងបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម ដើម្បីសម្រេចចិត្តមកដាក់ទុនវិនិយោគ បើកដំណើរការរោងចក្រកែច្នៃស្វាយចន្ទី ខណៈក្រុមហ៊ុនទាំងនោះ ​កំពុងសម្លឹងមើលខេត្តចំនួន១០ ដែលមានសក្តានុពល​ដាំដុះស្វាយចន្ទី។

លោកបានគូសបញ្ជាក់បន្ថែមថា «ការសិក្សាលើកនេះ ជាការសម្រេចចិត្តចុងក្រោយថារោងចក្រកែច្នៃស្វាយចន្ទីចំនួន២ គួរបើក ឬមិនបើក។ បើរោងចក្រ២នេះបើកដំណើរការនោះនឹងមានរោងចក្រ២ទៀតបើកបន្ត គឺរោងចក្រកៀបប្រេង (ឥន្ទនៈ) ពីសំបកស្វាយគ្រាប់ស្វាយចន្ទី និងរោងចក្រផលិតធ្យូងឧស្សាហកម្មពីសំណល់សំបកចន្ទីដែលគៀបរួច»

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Top Planning Japan បានមកសិក្សាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តាំងឆ្នាំ ២០១៩មកម្លេះ។ ប៉ុន្តែគម្រោងនេះផ្អាកទៅវិញ ក្រោយរីករាលដាលនៃជំងឺកូវីដ១៩។

លោករំពឹងថា បន្ទាប់ពីដំណើរចុះសិក្សាលើកចុងក្រោយនេះ នឹងធ្វើឱ្យក្រុមហ៊ុនរបស់ជប៉ុននេះ សម្រេចចិត្តដាក់ទុនវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីជួយផ្តល់តម្លៃបន្ថែមដល់កសិករ បង្កើតការងារក្នុងសហគមន៍ ផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសដទៃ និងការផ្តល់តម្លៃស្តង់ដាខ្ពស់ដល់ទំនិញកម្ពុជា។ ប្រសិនបើរោងចក្រនេះ បើកដំណើរការ នឹងមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំ។

​ក្នុងជំនួបពិភាក្សាការងារជាមួយ​អគ្គនាយកក្រុមហ៊ុន Top Planning Japan ​កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹង​​​ចំពោះ គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយនៅកម្ពុជា ដើម្បីនាំស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារពិភពលោក​។

​លោករដ្ឋមន្ត្រីបានណែនាំឱ្យមានផែនការផលិតចន្ទីកែច្នៃ ដើម្បីទទួលបានតម្លៃខ្ពស់ជាជាងបរិមាណ ក្នុងនោះដែរ ការកែច្នៃត្រូវគោរពតាមគោលការណ៍បរិស្ថាន។

លោកបន្ថែមថា ការផ្សព្វផ្សាយគឺជាកត្តាចាំបាច់មួយ ដើម្បីទទួលបានការគាំទ្រ និងមានទំនុកចិត្តទាំងទីផ្សារប្រទេសជប៉ុន និងពិភពលោក ទទួលបានតម្លៃមួយខ្ពស់ ហើយអ្នកហូបស្គាល់ពីកម្ពុជា ដោយមិនមានគោលដៅប្រកួតបរិមាណជាមួយប្រទេសដទៃទេ។​

លោកបានលើកឡើងថា «ទាក់ទងនឹងកិច្ចការងារនេះ ក្រសួងនឹងចូលរួមគាំទ្រការផ្សព្វផ្សាយ និងជំរុញក្នុងខ្សែច្រវាក់ផលិតកម្ម រួមទាំងការវេចខ្ចប់ផងដែរ»

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះគំនិតច្នៃប្រឌិត ក្នុងការកែច្នៃសម្រកចន្ទី ផលិតជាឥន្ធនៈ ព្រមទាំងបានណែនាំឱ្យធ្វើការពិចារណាលើកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។

​ក្នុងជំនួបនេះផងដែរ ក្រុមហ៊ុន Top Planning Japan (TPJ) បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មជាមួយនឹងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ​ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន​។ គិតពីឆ្នាំ២០១៩ ដល់២០២២នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន​។

បើតាមការឱ្យដឹងពី លោក អួន ស៊ីឡុត​ ក្រៅពីក្រុមហ៊ុនជប៉ុន ក៏មានក្រុមហ៊ុនចិនមួយដែរ កំពុងសម្លឹងឱកាសបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយ​ ដោយក្រុមហ៊ុននេះកំពុងជ្រើសរើសទីតាំងវិនិយោគរវាងខេត្តកំពង់ធំ និងខេត្តក្រចេះ។ ​ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននេះ នឹងចុះមកសិក្សា និងសម្រេចចុងក្រោយ​ក្នុងខែកុម្ភៈនេះផងដែរ​៕