(សិង្ហបុរី)៖ តម្លៃប្រេងមានការប្រែប្រួលតិចតួចនៅថ្ងៃពុធសប្តាហ៍នេះ ក្នុងគ្រាដែលមានការធ្លាក់ចុះថ្លៃប្រាក់ដុល្លារ និងខណៈពេលដែលវិនិយោគិនរង់ចាំមើលទិន្នន័យស្តុកប្រេងអាមេរិកដែលជាតម្រុយបង្ហាញពីនិន្នាការតម្រូវការប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគតបានកើនឡើងមួយសេនដល់ ៨៣,៧ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃពុធ បន្ទាប់ពីបានកើនឡើង ៣,៣ភាគរយនៅក្នុងវគ្គជួញដូរមុននេះ។ ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ១៥សេនដល់ ៧៧,២៩ដុល្លារ បន្ទាប់ពីកើនឡើង ៤,១ភាគរយនៅក្នុងវគ្គជួញដូរមុននេះ។

តម្លៃគោលរបស់ប្រេងឆៅទាំងពីរប្រភេទនេះត្រូវបានរំពឹងថានឹងនៅតែកើនឡើង បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានលើកឡើងពីការបន្តដំឡើងអត្រាការប្រាក់ និងការចាត់វិធានការដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ខណៈដែលទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបើទោះបីជាមានការរំពឹងទុកកន្លងមកថាកើនឡើងក៏ដោយ។

លោក Yeap Jun Rong អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន IG បានថ្លែងថា៖ «អារម្មណ៍ហានិភ័យដែលកើនឡើងបន្ទាប់ពីប្រធានធនាគារកណ្តាលលោកJerome Powell ធ្វើអត្ថាធិប្បាយ រួមជាមួយនឹងការធ្លាក់ថ្លៃប្រាក់ដុល្លារអាមេរិក ហាក់ដូចជាជួយជំរុញឱ្យមានការកើនឡើងតម្លៃប្រេង»៕