(ប៉េកាំង)៖ អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលចិននឹងចូលរួមកិច្ចពិភាក្សាតុមូលជាមួយម្ចាស់បំណុលផ្សេងទៀត និងបណ្តាប្រទេសខ្ចីប្រាក់មួយចំនួននៅក្នុងខែកុម្ភៈនេះក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Kristalina Georgieva ខណៈថ្លែងក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ CBS ថា៖ «ប្រទេសចិនត្រូវតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនព្រោះប្រទេសដែលមានប្រាក់ចំណូលទាបមិនមានលទ្ធភាពសងបំណុលទេ។

លោកស្រីមានប្រសាសន៍ថា៖ «អ្វីដែលយើងកំពុងធ្វើការគឺដើម្បីនាំយកម្ចាស់បំណុលទាំងអស់ ម្ចាស់បំណុលជាប្រចាំមកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ម្ចាស់បំណុលថ្មីដូចជា ចិន អារ៉ាប៊ីសាអូឌីត ឥណ្ឌា ក៏ដូចជាវិស័យឯកជន ហើយឱ្យពួកគេមកជួបប្រជុំជាមួយប្រទេសជាកូនបំណុល»។

កាលពីខែមុន លោកស្រី Georgieva បានឱ្យដឹងថា ការជួបជុំលើកដំបូងនេះនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំរបស់ក្រុមមន្ត្រីហិរញ្ញវត្ថុ G20 នៅក្នុងប្រទេសឥណ្ឌា។ លោកស្រី Georgieva បាននិយាយថា ការបន្ធូរបន្ថយបំណុលមានសារៈសំខាន់សម្រាប់ប្រទេសជំពាក់បំណុលច្រើនដើម្បីជៀសវាងការកាត់បន្ថយសេវាកម្មសង្គមនិងផលប៉ះពាល់ផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕