(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា វៀតណាមបានដំឡើងថ្លៃជាមធ្យមអប្បបរមាសម្រាប់អគ្គិសនីលក់រាយចំនួន ១៣,៦៩ភាគរយ ពោលគឺជាការផ្លាស់ប្តូរមួយដែលត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យក្រុមហ៊ុនអគ្គិសនីរដ្ឋ EVN ដំឡើងតម្លៃរអគ្គិសនីរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានព្យាយាមដំឡើងថ្លៃអគ្គិសនីលក់រាយដើម្បីលើកទឹកចិត្តវិនិយោគក្នុងវិស័យផលិតថាមពល ប៉ុន្តែក៏ប្រឈមនឹងសម្ពាធក្នុងការរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រងផងដែរ។

រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃអគ្គិសនីលក់រាយជាមធ្យមអប្បបរមាត្រូវបានដំឡើងដល់ ១ ៨២៦,២២ដុង (៧,៧៨សេនដុល្លារ) ក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh) ដោយមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា កម្រិតកំណត់លើតម្លៃអគ្គិសនីលក់រាយជាមធ្យមក៏ត្រូវបានដំឡើង ២៨,២ភាគរយដល់ ២ ៤៤៤,០៩ ដុងក្នុងមួយគីឡូវ៉ាត់ម៉ោងផងដែរ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមកាលពីខែមុនបានស្នើឱ្យក្រុមហ៊ុន EVN ដែលជាក្រុមហ៊ុនលក់រាយអគ្គិសនីដ៏លេចធ្លោរបស់ប្រទេសនេះ ដាក់ជូនផែនការស្តីពីការដំឡើងថ្លៃអគ្គិសនីសម្រាប់ឆ្នាំ២០២៣។
ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការកែតម្រូវ» ចំពោះតម្លៃអគ្គិសនីលក់រាយនឹងជួយឱ្យតារាងតុល្យការរបស់ក្រុមហ៊ុន EVN មានភាពប្រសើរឡើង។ សេចក្តីថ្លែងការនេះបានបន្ថែមថា ក្រុមហ៊ុនបានខាតបង់សុទ្ធចំនួន ៣១ពាន់ពាន់លានដុង (ប្រហែល ១,៣២ពាន់លានដុល្លារ) កាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសវៀតណាមមានបំណងរក្សាអតិផរណាឱ្យនៅខាងក្រោម ៤,៥ភាគរយនៅឆ្នាំនេះ។ តម្លៃទំនិញប្រើប្រាស់នៅប្រទេសវៀតណាមក្នុងខែធ្នូបានកើនឡើង ៤,៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕