(ភ្នំពេញ)៖ គិតត្រឹម​ដំណាច់ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាធនាគារបង្កើតដោយរាជរដ្ឋាភិបាល បានផ្តល់ឥណទានដោយផ្ទាល់ ជូនដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣១សហគ្រាសនៅកម្ពុជា ក្នុងទឹកប្រាក់ឥណទាន សរុបប្រមាណជា ៥៣.៤លានដុល្លារអាមេរិក​ ដើម្បីជួយសហគ្រាសទាំងនេះយកទៅស្តារ និងពង្រីកអាជីវកម្មបន្ថែម។

ក្នុងចំណោមកម្ចីទាំងនេះ បានផ្តល់ដល់​សហគ្រិនជាស្រ្តីចំនួន ៦២សហគ្រាស និងសហគ្រិនជាបុរសចំនួន១៦៩ សហគ្រាស។ ​

ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុង «សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣» ដែលបានរៀបចំឡើង នារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលសិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារដែលធនាគារ សម្រេចបានចាប់តាំងពីការបង្កើត រហូតមកដល់បច្ចុប្បន្ន ដោយផ្អែកតាមទិន្នន័យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ចំណែកគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និង ទី២ ដែលដែលបានបញ្ចប់ដោយជោគជ័យ នាពេលកន្លងទៅ បានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ២ ៧៤៥ ស្មើនឹងទំហំទឹកប្រាក់សរុប៣៤០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។

ជាមួយគ្នា SME Bank បាន និងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណជា ៤២ លានដុល្លារអាមេរិក។

​ក្រៅពីសមិទ្ធផលទាំងនេះ SME Bank បានឱ្យដឹងផងដែរថា ខ្លួនបាននិងកំពុងដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរ គឺសាខាខេត្តបាត់ដំបង និងសាខាផ្សារថ្មី​ ព្រមទាំងបានអភិវឌ្ឍដៃគូអាជីវកម្មជាមួយនឹងសមាគមសហគ្រាសធុនតូច និងមធ្យម ចំនួន១០ ដើម្បីជំរុញការបញ្ចេញឥណទានដោយផ្ទាល់ ទៅអតិថិជនគោលដៅ។

​ទន្ទឹមគ្នា SME Bank បានអភិវឌ្ឍផលិតផលឥណទានដោយផ្ទាល់ចំនួនពីរបន្ថែមទៀត គឺគម្រោងហិរញ្ញប្បទានមិនមានទ្រព្យធានា (Unsecured Loan) និងឥណទានវិបារូបណ៍ (Overdraft Facility)​ និងបានអនុវត្តបន្ថែមមុខងារក្នុងប្រព័ន្ធធនាគារស្នូលដូចជា៖ តភ្ជាប់ប្រព័ន្ធសេវាផ្ទេរប្រាក់រហ័សរបស់ ធនាគារជាតិ នៃកម្ពុជា (FAST 2.0) សម្រាប់ ប្រាក់រៀល និងដុល្លារអាមេរិក ជាមួយ ២៧ ធនាគារសមាជិក​ បន្ថែមមុខងារផ្ដល់មូលប្បទានប័ត្រសាច់ប្រាក់ (Banker Cheque), ការប្ដូរប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ ធនាគារក៏បានបង្កើននូវចំនួនបុគ្គលិកជាបន្តបន្ទាប់ដែលរហូតមកដល់ដំណាច់ឆ្នាំ២០២២ មានចំនួនបុគ្គលិកសរុបចំនួន ១៣៦ នាក់។

SME Bank បន្តថា៖ «ជាមួយនឹងសមិទ្ធផលដែលទទួលបានខាងលើ​ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងនាមជាធនាគារគោលនយោបាយ នឹងបន្តឆន្ទៈក្នុងការស្វែងរកនូវយុទ្ធសាស្ត្រល្អៗ ដើម្បីបន្តបម្រើសេវាកម្មធនាគារប្រកបដោយ ប្រសិទ្ធភាពនិងគុណភាព ជូនដល់អតិថិជនដែលជាសហគ្រាស ធុនតូច និងមធ្យម​ ជាពិសេសផ្ដោតលើសហគ្រាសក្នុង វិស័យកម្មន្តសាល និងកែច្នៃផលិតផលកសិកម្ម ដើម្បីជួយគាំទ្រដល់ការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»

ធនាគារនឹងផ្ដោតទៅលើ​ការបង្កើតសាខាបន្ថែមនៅតាមបណ្តាខេត្ត, ការអភិវឌ្ឍសេវាធនាគារឌីជីថល ដើម្បីអនុញ្ញាតឲ្យអតិថិជនមានលទ្ធភាពធ្វើប្រតិបត្តិការធនាគារពីគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា, ការបង្កើនសមតុល្យ និងផលិតភាពឥណទាន និង ការអភិវឌ្ឍបណ្តាញចែកចាយដោយធ្វើកិច្ចសហការជាមួយដៃគូអាជីវកម្មដែលជួយឲ្យធនាគារអាចភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនបានរហ័ស និងងាយស្រួល ជាងមុន។
​សូមជម្រាបថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាធនាគារគោលនយោបាយ ដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការធនាគារ ពីធនាគារជាតិ នៃ កម្ពុជា កាលពីឆ្នាំ២០២០ ហើយធនាគារនេះបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាល និងមានបេសកកម្មផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព​៕