(ភ្នំពេញ)៖ ផលិតផលសម្លៀកបំពាក់ ស្បែងជើង និងសម្ភារធ្វើដំណើរ គ្រប់គ្រងជាងពាក់កណ្តាលលើការនាំចេញសរុបរបស់កម្ពុជា ក្នុងឆ្នាំ២០២២ ដែលទឹកប្រាក់ជាង ១០ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ​ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង ១ពាន់លានដុល្លារ ឬ១៣% ដែលមានចំណែកប្រមាណ ៤០%នៃការនាំចេញសរុប។ រីឯការនាំចេញស្បែកជើង មានតម្លៃ១ ៧៣៧លានដុល្លារ កើនឡើង ២៥%​ ​និងការនាំចេញសម្ភារៈធ្វើដំណើរ ក្នុងតម្លៃ ១ ៧៧៧ លានដុល្លារ​បានកើនឡើង១៩% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ​វិស័យកាត់ដេរបានតួនាទីយ៉ាងសំខាន់ ចំពោះសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ។ បច្ចុប្បន្ននេះ ​​មានកម្មករ កម្មការនីប្រមាណ ១លាននាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រសរុបទូទាំងប្រទេស​​ ដែលជួយ​សម្រួលជីវភាពដល់ក្រុមគ្រួសាររបស់គាត់។

តែយ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ អាចជួបបញ្ហាប្រឈមខ្លះ ដោយសារតែក្នុងដើមឆ្នាំនេះ ការបញ្ជាទិញមិនមានការកើនឡើង។

លោកបន្ថែមថា «បញ្ហាដោយសារឆ្នាំ២០២២ ការនាំចេញទៅអឺរ៉ុប និងអាមេរិក ការលក់ធ្លាក់ថយចុះ​ ដោយឥវ៉ាន់នៅសល់ក្នុងឃ្លាំងច្រើនពេក លក់មិនទាន់ចេញនៅឡើយទេ។ កត្តាសំខាន់ គឺសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឲ្យវត្ថុធាតុដើមទូទាំងពិភពលោកឡើងថ្លៃ»

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​លើកឡើងកាលពីពេលថ្មីៗនេះថា​ ក្នុងឆ្នាំ២០២២ ការនាំចេញ​ផលិតផលសម្លៀកបំពាក់ ស្បែងជើង និងសម្ភារធ្វើដំណើរ មានប្រមាណ ៥៧%នៃការនាំចេញសរុបរបស់កម្ពុជា ខណៈ​វិស័យនេះបានរួមចំណែកប្រមាណ១០​% នៃ GDPកម្ពុជា។ ទីផ្សារសំខាន់របស់កម្ពុជា គឺ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ​

លោកបន្ថែមថា រាជរដ្ឋាភិបាលមានផែនការពង្រឹងគុណភាពផលិតផលកាត់ដេររបស់កម្ពុជា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីទទួលបានតម្លៃបន្ថែម និងលើកទឹកឱ្យវិនិយោគិនជាជនជាតិខ្មែរ កាន់តែច្រើនមកចូលរួមវិនិយោគក្នុងវិស័យនេះ ខណៈបច្ចុប្បន្នការវិនិយោគក្នុងវិស័យកាត់ដេរ ប្រមាណ៩៥% គឺជាជនបរទេស។

ដោយឡែកគម្រោងវិនិយោគដែលបានចុះបញ្ជីថ្មីៗនៅកម្ពុជា សង្គេតឃើញថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលសម្លៀកបំពាក់ ស្បែងជើង និងសម្ភារធ្វើដំណើរ ក៏មានចំនួនច្រើនជាងបណ្តាវិស័យផ្សេងៗទៀតផងដែរ៕