(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ លើការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានា តាមគ្រប់រូបភាពទាក់ទឹននឹងការផ្តល់សេវាហិរញ្ញវត្ថុ ដោយគ្មានច្បាប់អនុញ្ញាត។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម រវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

តាមសេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា ថ្មីៗនេះសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា ធ្វើឱ្យសាធារណជនភាន់ច្រឡំ និងបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុ ពីអ្នកខ្ចីប្រាក់បណ្តាលឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ កត្តាទាំងនេះបានជះឥទ្ធិពល ដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្ត របស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជាមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។

ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ប្រជាពលរដ្ឋចៀសវាងដាច់ខាត ចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា។

ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធ នឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន៥ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់ និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ មកធនាគារជាតិនៃកម្ពុជាតាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕