(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានប្តេជ្ញាយ៉ាងមុតមាំ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥.៣៨ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ៣ ៥៧១.៦៩លានដុល្លារ។

ការថ្លែងនូវការប្តេជ្ញាចិត្តនេះធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បឈានដល់កាសម្រេចបាននូវផែនការប្រមូលចំណូលពន្ធឆ្នាំ២០២៣ លោក គង់ វិបុល បញ្ជាក់ពីការបន្តពង្រឹងការអនុវត្តនូវវិធានការ និងគោលនយោបាយសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗដូចខាងក្រោម៖

* បន្ដជំរុញបញ្ចប់ការពិនិត្យរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធថ្មី ដែលការរៀបចំនេះ នឹងអាចធានាបាននូវភាពប្រទាក់ក្រឡា និងបច្ចុប្បន្នភាពបទប្បញ្ញត្តិស្តីពីពន្ធដារ

* បន្ដចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំង នឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈកម្មការ ចំពោះកិច្ចអនុវត្តផែនការសកម្មភាព ការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) ជាពិសេសការត្រៀមលក្ខណៈទទួលការត្រួតពិនិត្យ វាយតម្លៃដោយផ្ទាល់ (On-Site Visit) របស់ក្រុមការងារ ICRG-JG នៅដើមខែមករា ឆ្នាំ២០២៣ ក្នុងគោលដៅឈានទៅដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ

* បន្ដធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា របស់អគ្គនាយកដ្ឋានពន្ធដារ ដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ធ្វើយ៉ាងណាឱ្យងាយស្រួល ក្នុងការបំពេញកាពត្វកិច្ចពន្ធដារ ប៉ុន្តែពិបាកក្នុងការគេចវេះ តាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន តាមធាតុចូលដែលទទួល បានពីអ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងងាយស្រួលក្នុងការប្រើប្រាស់

* សិក្សាស្រាវជ្រាវនិងគ្រោងធ្វើទស្សនកិច្ចសិក្សា នៅរដ្ឋបាលសារពើពន្ធនៃបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីឈ្វេងយល់ និងដកបទពិសោធន៍ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ និងធ្វើបច្ចុប្បន្នភាពយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសលើប្រធានបទសំខាន់ៗ ដូចជា យន្ដការគ្រប់គ្រង ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការបង់ពន្ធរបស់ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce), ការប្រមូលចំណូលពន្ធ របស់វិស័យបរធនបាលកិច្ច (Trust) និងវិស័យល្បែងពាណិជ្ជកម្ម ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន (Blockchain) ក្នុងការប្រមូលចំណូលពន្ធជាដើម

* រៀបចំប្រព័ន្ធដំណើរការ ការងាររដ្ឋបាលតាមទម្រង់ឌីជីថល (E-Administration) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធ អាចអនុវត្តការងារតាមឋានានុក្រម ដោយប្រើប្រាស់ទម្រង់ឌីជីថល ដោយធានាបានល្បឿន និងប្រសិទ្ធភាពក្នុងការអនុវត្តការងារ

* បន្ដអនុវត្តនូវវិធានការទារ និងតឹងទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាស ដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ

* បន្ដជំរុញដើម្បីបញ្ចប់ការអនុវត្តវិធានការ ចុះអង្កេតសហគ្រាសតាមដងផ្លូវ (Street Survey) និងវិធានការចុះអង្កេតអចលនទ្រព្យ (Property Survey)

* បន្ដសហការចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាស តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ

* បន្តពង្រឹង និងពង្រីកវិសាលភាពអនុវត្តយន្ដការបោះពុម្ព វិក្កយបត្រពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងចែកជូនដល់គេហដ្ឋានរបស់អ្នកជាប់ពន្ធ ឱ្យបានដល់អ្នកជាប់ពន្ធទាំងអស់

* បន្ដធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីប្រកបដោយស្មារតីបុរេសកម្ម តាមរយៈការអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធនិងកម្មវិធីថ្មីៗ

* បន្តវិនិយោគ និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញបង្កើនកម្រិតអនុលោមភាពសារពើពន្ធ

* បន្ដពង្រឹងការផ្ដល់សេវាពិគ្រោះយោបល់ និងការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ តាមគ្រប់រូបភាព ជាពិសេសការផ្ដល់សេវាពិគ្រោះយោបល់ តាមរយៈទូរស័ព្ទ (Call Center-1277) និងការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” (GDT Facebook Live) ដើម្បីពន្យល់និងដោះស្រាយការលំបាក និងចម្ងល់របស់ប្រជាពលរដ្ឋ

* បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងសារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងបន្តអនុវត្តដោយការយកចិត្តទុកដាក់ នូវយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។

សូមចម្រាបថា នៅឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៣ ៩៩៣.២០ប៊ីលានរៀល (ប្រមាណជា ៣ ៤៥៥.១១លានដុល្លារ) ស្មើនឹង១២២.៥៤% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ៧០២.៧៣ ប៊ីលានរៀល (ប្រមាណជា ៦៦៧.៣៤លានដុល្លារ) ស្មើនឹង ២៣.៩៦%។

សម្រាប់រយៈពេល ១២ខែ ក្នុងឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៣.៧៣%, អាករលើតម្លៃបន្ថែម ៣៤.១០%, ពន្ធលើប្រាក់បៀវត្ស ២២.៤៥%, អាករពិសេស ២៥.៧០%, និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ១២.៧០%។

លោក គង់ វិបុល បញ្ជាក់ថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចាត់វិធានការជាយុទ្ធសាស្ត្រ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពស៊ាំ ក្នុងសហគមន៍ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិ ឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយបាន និងកំពុងអនុវត្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។

បន្ថែមពីនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការគ្រប់គ្រងប្រមូលចំណូលពន្ធ ដែលតែងតែដឹកនាំចង្អុលបង្ហាញ ប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួច លើការអនុវត្តកំណែទម្រង់សំខាន់ៗ និងវិធានការជាយុទ្ធសាស្ត្រនាពេលកន្លងមក ដែលបានជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាបាននូវការប្រកួតប្រជែង ដោយស្មើភាពក្នុងចំណោមមជ្ឈដ្ឋានវិនិយោគ។

ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ ពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ៕