(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងថា ដើម្បីថែរក្សាភាពធន់នៃវិស័យសេដ្ឋកិច្ច ឬក៏ភាពធន់នៃការវិនិយោគ ចាំបាច់ត្រូវការបណ្ដុះបណ្ដាលជំនាញដល់កម្មករ ឲ្យកាន់តែមានចំណេះដឹង។

លោក សុខ ចិន្ដាសោភា បានលើកឡើងថា នៅពេលខាងមុខនេះ អ្នកវិនិយោគិនដែលមកវិនិយោគ និងបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជា នឹងមានតម្រូវការកម្មករដែលមានជំនាញ និងចំណេះដឹង ដូច្នេះចាំបាច់ណាស់យើងត្រូវខិតខំបណ្ដុះបណ្ដាញជំនាញទៅដល់កម្មករ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងដឹងថានៅពេលទៅមុខ រោងចក្រ និងវិនិយោគទាំងនោះនឹងមានតម្រូវការកម្មករ ដែលកាន់តែមានចំណេះដឹង កាន់តែមានជំនាញ ដូច្នេះក្រសួងស្ថាប័ននានា ត្រូវតែខិតខំការងារនេះ»

លោកបានឲ្យដឹងថា កិច្ចការវិនិយោគ និងការទាក់ទាញវិនិយោគ ការបម្រើវិនិយោគ ពុំមែនជាតួនាទីតែមួយគត់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះទេ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រាន់តែជាមួយផ្នែកប៉ុណ្ណោះ បើសិនជាគ្មានការចូលរួមគាំទ្រ ពីក្រសួងពាក់ព័ន្ធទេនោះ ក៏មិនអាចដំណើរការបានដែរ។

លោកថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ក្រសួងទាំងអស់ គឺសុទ្ធតែមានផែនការសកម្មភាព។ ជាពិសេសនៅឆ្នាំ២០២៣នេះ កម្ពុជា នឹងមានការរៀបចំ បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រថែមទៀតផង។ ជាការគិតគូររបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាឲ្យទៅដល់ឆ្នាំ២០៣០ កម្ពុជាក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ព្រោះសព្វថ្ងៃកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតទាប ដូច្នេះត្រូវមានសកម្មភាពជាប្រចាំឆ្នាំ។

ដោយសម្លឹងឃើញការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ មានសារសំខាន់ចាំបាច់ក្នុងការជួយសេដ្ឋកិច្ច នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយមិនគិតថ្លៃ ហើយបូកបន្ថែមជាមួយនឹងការផ្ដល់ប្រាក់ឧបត្ថម្ភ។

ការអនុវត្តកម្មវិធីនេះអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ធនធានមនុស្សដែលត្រូវទទួលការបណ្ដុះបណ្ដាលនេះ មានប្រមាណ១.៥លាននាក់។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគ សរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគ ៤ ០៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៤៤ពាន់កន្លែង។ គម្រោងវិនិយោគចំនួន ១៨៦គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ១៧៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១១ គម្រោង។

ក្នុងចំណោមគម្រោងវិនិយោគទាំង១៨៦នេះ មានគម្រោងវិនិយោគចំនួន១៦៣ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ និង ៥គម្រោងស្ថិតនៅក្នុងវិស័យទេសចរណ៍៕