(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor Corp បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានលក់រថយន្តបានចំនួន ១០,៥លានគ្រឿងក្នុងឆ្នាំ២០២២ ដោយរក្សាបានតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់រថយន្តបានច្រើនជាងគេក្នុងពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលក់រថយន្តជាសាកលរបស់ក្រុមហ៊ុនសម្ព័ន្ធ ដែលរួមបញ្ចូលទាំងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu បានធ្លាក់ចុះ ០,១ភាគរយ ខណៈដែលការលក់នៅក្រៅប្រទេសដែលមានចំនួនច្រើនបំផុតមិនធ្លាប់ ៨,៦លានគ្រឿងបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះ ៩,៦ភាគរយនៅក្នុងទីផ្សារប្រទេសជប៉ុនមកនៅត្រឹម ១,៩លានគ្រឿង។

ក្រុមហ៊ុនគូប្រជែង Volkswagen Group ដែលជាប់លំដាប់ទីពីរខាងផ្នែកលក់នេះ កាលពីដើមខែនេះបានរាយការណ៍ពីការលក់ទាបបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍ដោយលក់បានចំនួនតែ ៨,៣លានគ្រឿងប៉ុណ្ណោះដោយសារការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន និងសង្រ្គាមនៅអ៊ុយក្រែនបានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ខណៈពេលដែលឧបសគ្គផ្គត់ផ្គង់ទាក់ទងនឹងបន្ទះឈីបមួយចំនួននៅតែកើតមានសម្រាប់ក្រុមហ៊ុន Toyota ផងដែរនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានឱ្យដឹងថា តម្រូវការរថយន្តខ្លាំងនៅអាស៊ី និងការកើនឡើងសមត្ថភាពផលិត ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៅអាស៊ី និងអាមេរិកខាងជើងបានជួយឱ្យក្រុមហ៊ុនបង្កើនផលិតកម្មពិភពលោក ៥ភាគរយនៅឆ្នាំ២០២២។

ក្នុងខែវិច្ឆិកា ឆ្នាំមុន ក្រុមហ៊ុន Toyota បានទម្លាក់ការព្យាករផលិតកម្មរបស់ខ្លួនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នគិតត្រឹមដំណាច់ខែមីនាពីចំនួន ៩,៧លានគ្រឿងមកនៅត្រឹម ៩,២លានគ្រឿង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕