(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក តាមរយៈផែនទីបង្ហាញផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន ១ម៉ឺនកន្លែងបន្ថែមទៀត​។

យោងតាម​ផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា វិស័យយានយន្តនៅកម្ពុជា មានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការនាំចេញជាមធ្យមប្រចាំឆ្នាំ របស់វិស័យយានយន្តក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មានការកើនឡើងទ្វេដងធៀបនឹងការនាំចេញពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ដោយសារតែទំហំទុនវិនិយោគ ពីបរទេសមានការកើនឡើង។
ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី លើវិស័យយានយន្តជាមធ្យមចំនួន ៤គម្រោងក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគជាមធ្យមចំនួន ២២លានដុល្លារអាមេរិក ខណៈនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ មានទុនវិនិយោគជាមធ្យមត្រឹមតែ ៤លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ កំណើននៃការវិនិយោគនេះ បានជំរុញឱ្យកម្លាំងពលកម្ម ក្នុងវិស័យយានយន្តកើនឡើងជាមធ្យម ៥០០នាក់ក្នុងមួយឆ្នាំ ដែលមកទល់បច្ចុប្បន្ននេះមានចំនួន សរុបប្រមាណ១ម៉ឺននាក់។

បច្ចុប្បន្នជប៉ុន គឺជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យយានយន្តនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗ រួមមានប្រទេសថៃ និងប្រទេសជប៉ុន។

តាមរយៈផែនទីបង្ហាញផ្លូវនេះបានឱ្យដឹងផងដែរថា សម្រាប់វិស័យយានយន្ត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងផ្តោតសំខាន់លើកាលានុវត្តភាព ដែលមានស្រាប់ ដើម្បីពង្រីកការផលិតគ្រឿងបង្គុំយានយន្តសាមញ្ញ បែបអតិពលកម្ម សម្រាប់នាំចេញ ឧទាហរណ៍ដូចជា ខ្សែបង្គុំអគ្គិសនី កៅអី និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនីសាមញ្ញ ព្រមជាមួយការបង្កើនការតភ្ជាប់បែបប្រតិគមន៍ សម្រាប់ការដំឡើងទោចក្រយានយន្ត។ ​ចំពោះគោលដៅមធ្យម កម្ពុជានឹងផ្តោតលើការឈានឡើង ក្នុងខ្សែច្រវាក់តម្លៃទៅកាន់ការផលិតគ្រឿងបង្គុំយានយន្ត ដែលមាន​ភាពស្មុគស្មាញ ព្រមទាំងការរចនា និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក ដែលមានតម្លៃបន្ថែមខ្ពស់។ ក្នុងរយៈពេលវែង កម្ពុជាមានបំណងប្រែក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត ពីកម្រិតទាបដល់កម្រិតមធ្យម សម្រាប់នាំចេញ។

ជាមួយគ្នានេះ កម្ពុជាក៏មានបំណងទាក់ទាញ ក្រុមហ៊ុនផលិតគ្រឿងបង្គុំយានយន្តឈានមុខគេលើពិភពលោក ក្នុងចំនួនច្រើនជាងមុន ហើយអាចនឹងបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលមានភាពពេញលក្ខណៈជាងមុន សម្រាប់គាំទ្រក្រុមហ៊ុនផលិតទាំងនោះ ដោយរួមបញ្ចូលអ្នកផ្គត់ផ្គង់ក្នុងស្រុក ពីកម្រិតទាបទៅមធ្យម។ ​

កម្ពុជាអាចប្រើប្រាស់ជាអតិបរមា នូវឧត្តមភាពប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដូចជាកម្លាំងពលកម្មដែលប៉ិនប្រសប់ និងមានប្រាក់ឈ្នួលប្រកួតប្រជែង ទីតាំងយុទ្ធសាស្រ្តនៅជិតប្រទេសថៃ និងវៀតណាម ដែលជាមជ្ឈមណ្ឌលផលិត និងដំឡើងយានយន្ត និងបរិក្ខាអេឡិចត្រូនិក កំពុងមានការអភិវឌ្ឍឆាប់រហ័ស និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានលក្ខណៈ និងអំណោយផលជាមួយទីផ្សារនាំចេញយានយន្ត ។

ឯកសារផែនទីបង្ហាញផ្លូវនេះបន្ថែមថា «ប្រទេសកម្ពុជាមានទីតាំងស្ថិត នៅត្រង់ចំណុចកណ្តាលនៃតំបន់អាស៊ាន និងមានភាពប្រទាក់ក្រឡាយ៉ាងស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈរបៀងសេដ្ឋកិច្ចភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ។ ជាពិសេសកម្ពុជាស្ថិតនៅជិតមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតយានយន្តមានចំងាយតិចជាង ៤០០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលផ្តុំសកម្មភាពផលិតយានយន្ត នៅខេត្តរ៉ាយ៉ង ប្រទេសថៃ និងចម្ងាយតិចជាង ១០០គីឡូម៉ែត្រពីទីក្រុងហូជីមិញប្រទេសវៀតណាម។ ការណ៍នេះនឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អបំផុត សម្រាប់រៀងចក្រផលិតកម្ម ដែលផ្គត់ផ្គង់ដល់រោងចក្រផ្គុំដំឡើង យានយន្តនៅប្រទេសថៃ និងវៀតណាម»

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ​បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះថា ការសម្រេចបាននូវនាំចេញតាម​គោលដៅដែលបានកំណត់នេះ អាស្រ័យធនធានមនុស្សរបស់កម្ពុជា និងទីផ្សារនាំចេញ។

លោកពន្យល់ថា ប្រសិនបើការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកម្លាំងពលកម្មជំនាញបានល្អប្រសើរ និងមានការចូលរួមពីពលរដ្ឋ ក្នុងការទទួលយកការបណ្តុះបណ្តាលបង្កើតការងារ នោះ​នឹងជំរុញឱ្យបង្កើនទំហំនាំចេញតាមការរំពឹងទុក។ ចំពោះទីផ្សារនាំចេញរបស់កម្ពុជាវិញ ​ក៏អាស្រ័យផងដែរ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការប្រកួតប្រជែងជាមួយដៃគូផលិតផ្សេងៗទៀត ឬអាស្រ័យទៅលើក្រុមហ៊ុន ដែលមកវិនិយោគលើឧស្សាហកម្មយានយន្តនៅកម្ពុជា ប្រសិនបើក្រុមហ៊ុននោះជាក្រុមហ៊ុនធំៗ ដូច តូយ៉ូតា និងហ្វត នោះពួកគេនឹងធ្វើការបែងបែកទីផ្សារដោយខ្លួនឯង ហេតុនេះនឹងធ្វើឱ្យកម្ពុជា មិនមានការព្រួយបារម្ភ ចំពោះទីផ្សារនាំចេញឡើយ តែយ៉ាងណាប្រសិនបើក្រុមហ៊ុននោះ ជាក្រុមហ៊ុនតូច នឹងធ្វើឱ្យ​ជួបនូវបញ្ហាទីផ្សារនាំចេញ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយរដ្ឋ និងសហការជាមួយក្រុមហ៊ុន ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដល់ឧស្សាហកម្មអេឡិចត្រូនិក និងយានយន្តនៅកម្ពុជា។ តាមរយៈមូលនិធិនេះ រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាមួយចំនួន ក្នុងការបណ្តុះបណ្តាលនេះ។

លោកបន្ថែមថា «កញ្ចប់ថវិកាលើកកិច្ចការពង្រឹងជំនាញបច្ចេកទេសនេះ កើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែយើងមិនចង់កើនតែលុយទេ យើងចង់ប្រសិទ្ធភាព និងគុណភាពជំនាញ ហើយវាឆ្លើយតបទាំងទីផ្សារ និងជំនាញ»

សូមជម្រាបថា ក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជារួមមាន ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU) ខណៈក្រុមហ៊ុន Toyota កំពុងដំណើការបើករោងចក្រដំឡើងរថយន្ត នៅកម្ពុជាផងដែរ៕