(ភ្នំពេញ)៖ គិតត្រឹមបំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈចំនួន ៩ ៩៧២.៥៩លានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេស ៩ ៩៥៥.០៨លានដុល្លារ និងបំណុលក្នុងស្រុក តាមរយៈការលក់មូលបត្របំណុលមានជិត ២០លានដុល្លារ។

បំណុលសាធារណៈនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថាមានកម្រិតទាប ត្រឹមតែប្រមាណ ៣៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ាន គឺកម្ពុជាមានបំណុលសាធារណៈតិចជាងគេបង្អស់ បន្ទាប់ពីប្រទេសប្រុយណេ ដែលជាប្រទេសមិនមានខ្ចីបំណុលពីបរទេសឡើយ។

ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «ទិដ្ឋភាពរួមនៃការគ្រប់គ្រងថវិកាសេដ្ឋកិច្ច បំណុលរបស់កម្ពុជានៅតិចជាងគេទាំងអស់ នៅអាស៊ាននេះបំណុលសាធារណៈរបស់យើង [កម្ពុជា] តិចជាងគេ បន្ទាប់ពីប្រុយណេ ព្រោះប្រុយណេ អត់មានខ្ចីលុយគេចាយទេ ប៉ុន្តែដកប្រុយណេចេញ ខ្មែរបំណុលទាបជាងគេទាំងអស់ [...] បំណុលសម្រាប់ពលរដ្ឋម្នាក់ៗក៏ទាបដែរ ប្រជាជនយើងម្នាក់ជំពាក់ប្រមាណ ៦០០ដុល្លារ តែសម្រាប់អាមេរិកវិញ បំណុលអាមេរិកមានជាង១២០% នៃ GDP ហើយប្រជាជនម្នាក់ៗជំពាក់ប៉ុន្មាន ជិត១សែនដុល្លារម្នាក់»

សម្រាប់ច្បាប់ថវិកាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៩៦០០លានដុល្លារ ក្នុងនោះចំណូលត្រូវរកចំណូលឲ្យបាន ៧២០០លានដុល្លារ, ខ្ចីបំណុលសាធារណៈចំនួន ១៨០០លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំចំនួន ៦០០លានដុល្លារ។

លោករដ្ឋមន្ត្រីបញ្ជាក់ផងដែរថា ចំពោះថវិកាដែលកម្ពុជាគ្រោងខ្ចីពីបរទេស និងក្នុងស្រុក ចំនួន១៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣ មានទំហំមិនស្មើនឹង២០% នៃចំណាយសរុបឆ្នាំ២០២៣នោះទេ ខុសពីឆ្នាំ១៩៩៥ ដែលពេលនោះកម្ពុជា ពឹងផ្អែកលើថវិកាពីខាងក្រៅរហូតដល់ ៧៥ភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានថវិកាចំណាយខ្លួនឯងរហូតដល់ ៨៣ភាគរយ ពឹងផ្អែកថវិកាខាងក្រៅតែជាង១៧ភាគរយប៉ុណ្ណោះ។

លោកបន្ថែមថា តួចលេខនេះបង្ហាញថា កម្ពុជាមានឯករាជ្យភាពខ្លួនឯង ពឹងផ្អែកខ្លាំងចំណូលផ្ទៃក្នុងរបស់កម្ពុជា [ពន្ធដារ] ដែលមានការកើនឡើង កាត់បន្ថយនៃការពឹងផ្អែកថវិកាពីបរទេស។

សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈក្រៅប្រទេសចំនួន ៩៩៥៥.០៨លានដុល្លារ ក្នុងនោះបំណុលប្រទេសចិនចំនួន ៤០ភាគរយ, បំណុលធនាគារអភិវឌ្ឍន៍អាស៊ី ២១ភាគរយ, បំណុលទ្វេភាគីផ្សេងៗ ចំនួន ២២ភាគរយ បំណុលធនាគារពិភពលោក ៩ភាគរយ, បំណុលមរកត ចំនួន៦ភាគរយ និងបំណុលពហុភាគី ២ភាគរយ៕