(ប៉េកាំង)៖ ការនាំចេញសរុបរបស់ចិនទៅកាន់ប្រទេសកូរ៉េខាងជើងបានកើនឡើងជាងបីដងក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ខណៈដែលប្រតិបត្តិការរថភ្លើងដឹកទំនិញរវាងប្រទេសទាំងពីរបានចាប់ផ្តើមឡើងវិញបន្ទាប់ពីផ្អាកដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពាណិជ្ជកម្មដែលចេញផ្សាយដោយរដ្ឋបាលគយរបស់ចិនកាលពីថ្ងៃសុក្រថា ការនាំចេញរបស់ប្រទេសរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើង ២៤៧,៥ភាគរយដល់ ៨៩៤លានដុល្លារ។

ទំនិញនាំចេញកំពូលបើគិតពីតម្លៃគឺប្រេងសណ្តែកសៀង សំបកកង់កៅស៊ូ ស្ករ ថ្នាំជក់ និងឱសថ។

ក្រុងព្យុងយ៉ាងបានស្តុកទុកទំនិញវេជ្ជសាស្រ្ដចិនក្នុងបរិមាណដ៏ច្រើនដែលរួមមានម៉ាស និងម៉ាស៊ីនដកដង្ហើមនៅដើមឆ្នាំ២០២២។
ទិន្នន័យពាណិជ្ជកម្មដែលចេញផ្សាយដោយទីក្រុងប៉េកាំងបានបង្ហាញថា ប្រទេសកូរ៉េខាងជើងបានប្រកាសជ័យជម្នះលើកូវីដ-១៩ នៅក្នុងខែសីហា ប៉ុន្តែនៅក្នុងខែធ្នូ ប្រទេសនេះនៅតែទិញម៉ាស់ចំនួន ២,២៧លាន ទែម៉ូម៉ែត្រចំនួន ១២ ០០០ និងស្រោមដៃកៅស៊ូពេទ្យចំនួន ៤០ ០០០គូពីប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សភារបស់ប្រទេសកូរ៉េខាងជើងបានដាក់ចេញផែនការដំណើរការផលិតកម្មឧស្សាហកម្មមករកភាពធម្មតាវិញ និងឆ្លើយតបទៅនឹងគោលដៅសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕