(ប៉េកាំង)៖ ការវិនិយោគនៅក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលពីរខែចុងក្រោយក្នុងឆ្នាំ២០២២ ខណៈដែលរដ្ឋាភិបាលចិនបានបង្កឱ្យមានភាពវឹកវរដោយសារវិធានការកូវីដសូន្យ និងការឆ្លងរាលដាលពាសពេញប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

យោងតាមការគណនារបស់ Bloomberg ដោយផ្អែកលើទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន វិនិយោគផ្ទាល់ពីបរទេសនៅក្នុងខែធ្នូមានចំនួន ៧៦,៦ពាន់លានយន់ (១១,៣ពាន់លានដុល្លារ) ដែលធ្លាក់ចុះជិត ២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។ ការធ្លាក់ចុះនេះបានកើតមានឡើងបន្ទាប់ពីការធ្លាក់ចុះ ៣៣% នៅក្នុងខែវិច្ឆិកា ដែលជាការធ្លាក់ចុះខ្លាំងបំផុតបើគិតពីឆ្នាំ២០១៥មក។

ការធ្លាក់ចុះនេះមានកម្រិតខ្លាំងជាងកាលពីដើមឆ្នាំ២០២០ទៅទៀត នៅពេលដែលជំងឺរាតត្បាតបានចាប់ផ្តើម។ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះជិត ២៦% ក្នុងខែកុម្ភៈឆ្នាំ២០២០ នៅពេលដែលទីក្រុងវូហានស្ថិតក្នុងស្ថានភាពបិទខ្ទប់។

សម្រាប់ឆ្នាំ២០២២ទាំងមូល ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើង ៦,៣% ដល់កម្រិតខ្ពស់បំផុត ១,២ពាន់ពាន់លានយន់ (១៧៦,៨ពាន់លានដុល្លារ) ទោះបីជាមិនទាន់មានទិន្នន័យលម្អិតនៃប្រភពមូលនិធិទាំងនោះក៏ដោយ។ ទោះជាយ៉ាងណា ប្រសិនបើគំរូវិនិយោគនេះកើតមានដូចនៅក្នុងឆ្នាំ២០២០ និង២០២២ ដែរនោះ ច្រើនជាង ៧០% នៃទុនវិនិយោគទាំងនេះទំនងជាមកពីទីក្រុងហុងកុង ទាំងវិនិយោគិនក្នុងស្រុក ឬពីវិនិយោគិនចិនដីគោក ឬវិនិយោគិនបរទេសដែលនាំចូលប្រាក់វិនិយោគរបស់ពួកគេទៅក្នុងប្រទេសចិនតាមរយៈទីក្រុងហុងកុង។

ក្រុមហ៊ុនបរទេសកាន់តែមានទុទិដ្ឋិនិយមកាន់តែខ្លាំងឡើងអំពីទីផ្សារចិនកាលពីឆ្នាំមុន ដោយសារការបិទខ្ទប់ និងការរឹតបន្តឹងជាមួយនឹងវិធានការកូវីដសូន្យ បានធ្វើឱ្យខូចសេដ្ឋកិច្ច និងធ្វើឱ្យការរស់នៅក្នុងប្រទេសចិន ឬការធ្វើជំនួញ និងពាណិជ្ជកម្មជាមួយប្រទេសនេះកាន់តែពិបាក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕