(ក្រុងឡុងដ៍)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងកាលពីថ្ងៃពុធថា ការលុបចោលការរឹតបន្តឹងលើជំងឺកូវីដ-១៩ ក្នុងប្រទេសចិន គ្រោងនឹងជំរុញតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះដល់កម្រិតខ្ពស់ថ្មីមួយ ខណៈការកំណត់តម្លៃលើប្រេងរបស់រុស្ស៊ីអាចកាត់បន្ថយការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារ IEA ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសថា៖ «កត្តាចំនួនពីរគ្របដណ្តប់លើចក្ខុវិស័យទីផ្សារប្រេងឆ្នាំ២០២៣ នោះគឺប្រទេសរុស្ស៊ី និងប្រទេសចិន»។

ទីភ្នាក់ងារ IEA បានបន្ថែមថា៖ «ការផ្គត់ផ្គង់របស់រុស្ស៊ីធ្លាក់ចុះដល់ក្រោមផលប៉ះពាល់ពេញលេញនៃការដាក់ទណ្ឌកម្ម (ខណៈពេលដែល) ប្រទេសចិននឹងជំរុញឱ្យមានកំណើនតម្រូវការសកលជិតពាក់កណ្តាល បើទោះបីជារូបរាងនិងល្បឿននៃការបើកចំហរប្រទេសឡើងវិញនៅតែមិនប្រាកដប្រជាក៏ដោយ»

សកម្មភាពឧស្សាហកម្មខ្សោយ និងបញ្ហាអាកាសធាតុមិនប៉ះពាល់ខ្លាំងបានជួយកាត់បន្ថយតម្រូវការប្រេងជិតមួយលានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងបណ្តាប្រទេសជាសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២២។

ទោះបីជាអាចមានការដើរថយក្រោយនៃសេដ្ឋកិច្ចនៅអឺរ៉ុប និងសហរដ្ឋអាមេរិកក្តី ក៏ការបើកចំហរប្រទេសឡើងវិញរបស់ចិនដូចដែលបានរំពឹងទុក អាចនឹងជំរុញដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជិតខាងនៅអាស៊ី ហើយឥណ្ឌានឹងនាំមុខគេក្នុងនាមជាប្រទេសដែលមានកំណើនតម្រូវការប្រេងក្នុងពិភពលោក។

ទីភ្នាក់ងារ IEA បានបន្ថែមថា៖ «កត្តាជំរុញដ៏សំខាន់នៃកំណើនផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៣ និងកំណើនតម្រូវការប្រេងនឹងផ្តោតទៅលើពេលវេលា និងល្បឿននៃការស្ទុះងើបឡើងវិញរបស់ចិនក្រោយការបិទខ្ទប់ប្រទេស»

ទន្ទឹមនឹងនេះ កំណើនសំខាន់នៃការផ្គត់ផ្គង់ប្រេងអាចមកពីសហរដ្ឋអាមេរិក ខណៈដែលទិន្នផលប្រេងពីក្រុមប្រទេសផលិតរបស់អង្គការ OPEC+ នឹងធ្លាក់ចុះ ៨៧០ ០០០បារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលការធ្លាក់ចុះនេះនាំមុខដោយប្រទេសរុស្ស៊ី។

ទីភ្នាក់ងារ IEA បានបន្តថា ទិន្នផលប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះត្រឹមតែ ២សែនបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ (bpd) កាលពីខែធ្នូ បន្ទាប់ពីសហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងឆៅតាមសមុទ្រ និងការដាក់កំណត់លើតម្លៃលើប្រេងឆៅរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕