(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះពេញមួយឆ្នាំ២០២២ ការប្រើប្រាស់គណនីកាបូបអេឡិចត្រូនិក (E-wallet) ដែលកើនរហូតដល់១៧.៩លានគណី។

នេះបើតាមលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងនៅក្នុងឱកាសអញ្ជើញចូលរួម បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានថ្លែងថា ចាប់តាំងពីវិបត្តិកូវីដ១៩មកការជួញដូរ តាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិក កាន់តែពេញនិយមនៅទូទាំងប្រទេស ស្របពេលការប្រើប្រាស់ទូរស័ព្ទចល័តមាន១៩.៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់១៨លាននាក់។

លោកបានបន្ថែមថា បច្ចុប្បន្នប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) បានសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកមុខមាត់ នៃប្រព័ន្ធទូទាត់កម្ពុជានៅលើឆាកអន្តរជាតិ ចំពោះភាពច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់។

លោកបានបញ្ជាក់ថា «ក្នុងនោះការប្រើប្រាស់គណនីកាបូបអេឡិចត្រូនិក បានកើនគួរឡើងឱ្យកត់សម្គាល់ ដោយកើនឡើងដល់១៧,៩លានគណនី លើសពីនេះការតភ្ជាប់ប្រព័ន្ធទូទាត់ ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ត្រូវបានជំរុញជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស»

លោកបានបន្ថែមថា កន្លងមកធនាគារជាតិនៃកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ ជាមួយប្រទេសថៃ និងម៉ាឡេស៊ី និងកំពុងបញ្ចប់ការតភ្ជាប់ ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ។ អត្ថប្រយោជន៍នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់ ក្នុងអំឡុងពេលបិទខ្ទប់ ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានា តាមប្រព័ន្ធអនឡាញ និងវិធានការគាំពារសង្គមសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត និងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបានភ្លាមៗ និងមានតម្លាភាព។

ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់លើការការពារហានិភ័យ ពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Cybercrime) តាមរយៈការតាមដានជាប្រចាំលើដំណើរការប្រព័ន្ធទូទាត់ ការពង្រឹងបទប្បញ្ញតិ្តពាក់ព័ន្ធ និងការត្រួតពិនិត្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៕