(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារកម្ពុជា រក្សាបានស្ថិរភាពរឹងមាំ និងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានថ្លែងថា អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រូវបានរក្សាក្នុងកម្រិតទាប ដើម្បីផ្តល់សន្ទនីយភាព ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រាប់ការផ្តល់ឥណទាន និងគ្រប់គ្រងសន្ទនីយភាព។

លោកបានបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញ បានជួយជ្រោងដំណើរការក៏ដូចជា ការរស់រានរបស់អាជីវកម្ម និងសម្រួលដល់ការលំបាករបស់ប្រជាជន ក្នុងការសងប្រាក់នៅពេលប្រាក់ចំណូលធ្លាក់ចុះ។ ការបន្តរៀបចំឥណទានឡើងវិញ ត្រូវបានអនុញ្ញាតត្រឹមពាក់កណ្តាល ឆ្នាំ២០២២ ដោយសារសេដ្ឋកិច្ចបានងើបឡើងជាលំដាប់ ស្របពេលដែលទំហំទឹកប្រាក់ នៃការរៀបចំឥណទានឡើងវិញ បានថយចុះយ៉ាងឆាប់រហ័សពី១២.៧% មក ៦% នៃសំពៀតឥណទានសរុប។

លើសពីនេះធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ការរៀបចំឥណទាននេះជារួម មានកម្រិតតិចតួចប៉ុណ្ណោះ។ ការបញ្ចប់កម្មវិធីរៀបចំឥណទានឡើងវិញ ជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រចាកចេញ ពីវិបត្តិដែលត្រូវបានអនុវត្តឡើងស្របតាមស្ថានភាពជាក់ស្តែង។

ការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ជាប្រភពទុនមួយផ្នែកនៃប្រព័ន្ធធនាគារកម្ពុជា ក៏បានបណ្តាលឱ្យអត្រាការប្រាក់នៅកម្ពុជា កើនឡើងបន្តិចបន្តួចផងដែរ។ កន្លងមកកម្រិតខ្ពស់នៃសន្ទនីយភាព បានជួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគ្រប់គ្រងសម្ពាធនៃការកើនឡើងអត្រាការប្រាក់ ប៉ុន្តែប្រសិនបើអត្រាការប្រាក់ លើទីផ្សារអន្តរជាតិកើនឡើងបន្ថែមទៀត នោះក៏អាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងដែរ។

លោក ជា ចាន់តូ បានវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបានរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ១៩នាពេលកន្លងមក និងមិនដំឡើងអត្រាការប្រាក់ខ្ពស់ តាមល្បឿនកំណើនអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ។

លោកបានបន្ដថា ជាមួយនឹងការគាំទ្រកំណើនឥណទាន ដល់វិស័យឯកជនចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក៏ជាការងារអាទិភាព ដើម្បីពង្រឹងការប្រើប្រាស់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងទាញយកអត្ថប្រយោជន៍ ពីវិស័យហិរញ្ញវត្ថុជាអតិបរមា ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា បរិយាបន្នហិរញ្ញវត្ថុក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ដែលឆ្លុះបញ្ចាំងដោយកំណើន អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលមានកាន់តែសម្បូរបែប និងគ្រប់ទីកន្លែង។ យោងតាមរបាយការណ៍របស់មូលនិធិ UNCDF ឆ្នាំ២០២១ បរិយាបន្នហិរញ្ញវត្ថុកម្ពុជា មានកម្រិតមធ្យមដោយ៦៧% នៃប្រជាជនពេញវ័យកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ខណៈដែលអត្រាប្រជាជនកំពុងប្រើប្រាស់ សេវាហិរញ្ញវត្ថុក្រៅផ្លូវការមានប្រមាណ ៣% ថយចុះពី១២% ធៀបនឹងឆ្នាំ២០១៥។

ទោះយ៉ាងណាក្នុងស្ថានភាព ដែលសេដ្ឋកិច្ចប្រឈមនឹងភាពមិនច្បាស់លាស់ កំណើនឥណទានខ្ពស់ នៅតែជាហានិភ័យចម្បងមួយ ចំពោះប្រព័ន្ធធនាគារ ជាពិសេសក្នុងពេលដែលកម្រិតបំណុល របស់ក្រុមហ៊ុន-សហគ្រាស និងអង្គភាពគ្រួសារបានកើនឡើង ដោយសារវិបត្តិកូវីដ-១៩។

ការបញ្ចប់ការរៀបចំឥណទានឡើងវិញ ក៏បាននាំឱ្យឥណទានមិនដំណើរការ មាននិន្នាការកើនឡើងផងដែរ ប៉ុន្តែបន្តស្ថិតក្នុងកម្រិតទាប បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។ ហេតុដូច្នេះការត្រួតពិនិត្យប្រព័ន្ធធនាគារ ត្រូវបានបន្តពង្រឹងជាប្រចាំ ផ្អែកលើហានិភ័យ និងទស្សនៈអនាគត ស្របតាមស្តង់ដារអន្តរជាតិ ទន្ទឹមនឹងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំ នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕