(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែមករា ឆ្នាំ២០២៣នេះ បានចេញប្រកាស ស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្ម ដែលជាយន្តការថ្មីមួយ សម្រាប់អនុវត្តប្រមូលចំនូលពន្ធ ក្នុងវិស័យល្បែងពាណិជកម្ម ដែលមានដូចជាកាស៉ីណូ ល្បែងភ្នាល់ ល្បែងផ្សេងសំណាង និងល្បែងពាណិជ្ជកម្មដទៃទៀត។

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានពន្យល់យ៉ាងលម្អិតអំពីនីតិវិធី ការគណនា និងអត្រាពន្ធសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្ម។

ថ្លែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តនូវយន្តការថ្មី ប្រមូលចំណូលពន្ធ លើវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ) នៅក្នុងឆ្នាំ២០២៣នេះ ហើយរំពឹងថាយន្តការថ្មីនេះ នឹងជួយឲ្យទទួលបានចំណូលពន្ធច្រើន។

លោកលើកឡើងថា កន្លងទៅវិស័យល្បែងពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលកំណត់ជាចំណូលមិនមែនសារពើពន្ធ ដែលកំណត់នូវចំណូលជាកញ្ចប់ប្រចាំឆ្នាំ បង់តាមរយៈគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច ប៉ុន្តែសម្រាប់យន្តការនៃប្រកាសរបស់សេដ្ឋកិច្ច គឺតម្រូវឲ្យអាជីវកម្មល្បែងពាណិជ្ជកម្ម ត្រូវមានកាតព្វកិច្ចពន្ធផងដែរ លែងឲ្យយកតាមបែបម៉ៅការទៀតហើយ។

លោករដ្ឋមន្ត្រីបន្ថែមថា មុននឹងរៀបចំនូវប្រកាស ស្តីពីវិធាន និងនីតិវិធីសម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការសិក្សាស្រាវជ្រាវច្រើន ពីប្រទេសនានា ដូចជាសឹង្ហបុរី ម៉ាឡេស៉ី កូរ៉េ អូស្ត្រាលី ដោយកំណត់ប្រភេទពន្ធមិនមានភាពស្មុគស្មាញនោះទេ មានពន្ធលើប្រាក់ចំណេញ ២០ភាគរយ និងអាករលើតម្លៃបន្ថែម (VAT) ជាដើម។

លោកបន្តថា «ចាប់ពីឆ្នាំ២០២៣នេះ តទៅយើងនឹងអនុវត្តច្បាប់ពន្ធដារ លើល្បែងពាណិជ្ជកម្ម ដែលពីមុនមកចេះតែលើកឡើងថា អត់មានច្បាប់ល្បែងផងយើងយកពន្ធ ប៉ុន្តែឲ្យតែមានចេញជាសហគ្រាសពន្ធដារ អាចយកបានទាំងអស់»។

យ៉ាងណាលោក គង់ វិបុល មិនទាន់អាចវាយតម្លៃពីចំណូលពន្ធ ដែលនឹងទទួលបានពីវិស័យល្បែងពាណិជកម្មចំនួនប៉ុន្មាននោះទេ តែលោកគ្រាន់តែអះអាងថា អាចទទួលបានចំណូលច្រើនគ្រាប់បើ។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពីវិស័យ ល្បែងពាណិជ្ជកម្មនៅកម្ពុជា បានប្រមាណជិត ៤០លានដុល្លារ​ ក្នុងនោះចំណូលពីកម្រៃផ្សេងៗបានចំនួន ១៤២ ២០២.១១លានរៀល ឬប្រមាណជាង៣៤លានដុល្លារ, ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ​ បានចំនួនជាង ១២ ៦៤១. ៣៨លានរៀល ឬប្រមាណ ៣.១ ដុល្លារ និងចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាង ( ឆ្នោត-ឡូតូ) មានចំនួន ១ ៩៣៣.០៧លានរៀល ប្រមាណជាង៤៦ម៉ឺនដុល្លារ៕