(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់យន្តការសាជីវកម្មធានា ឥណទានកម្ពុជា (CGCC) ដើម្បីគាំទ្រ ឬជួយដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ ដែលគ្មានទ្រព្យបញ្ចាំ ឱ្យទទួលបានឥណទាន សម្រាប់យកទៅស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីរងការខាតបង់ធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ១៩​ ខណៈបច្ចុប្បន្នគម្រោងហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ បានផ្តល់កម្ចី​ដល់ម្ចាស់អាជីវក្នុងវិស័យនេះ បានតិចតួចនៅឡើយ។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ ​«តួនាទីរបស់គម្រោងធានាឥណទាន ក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន​» នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា អាជីវកម្មក្នុងវិស័យទេសចរណ៍ គឺជាអាជីវកម្ម ដែលមានភាពផុយស្រួល ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ​ដែលក្នុងរយៈពេល៣ឆ្នាំនេះ ពួកគេត្រូវរងនូវការខាតបង់​យ៉ាងធ្ងន់ធ្ងរ ហេតុដូច្នេះទើប​​ធ្វើឱ្យ​ម្ចាស់អាជីវកម្មទាំងនោះ ជាពិសេសអ្នកគ្មានទ្រព្យបញ្ចាំ ពិបាកក្នុងការទទួលបាននូវឥណទាន។

លោកបន្ថែមថា រាជរដ្ឋានឹងបន្តយកចិត្តទុកម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ ឱ្យដំណើរការអាជីវកម្មរបស់ពួកគេឡើងវិញ​ ​​តាមរយៈការជួយរបស់រដ្ឋ ​និងការសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យទទួលបានកម្ចី សម្រាប់យកទៅស្តារអាជីវកម្ម។

​លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកំពុងតែប្រើយន្តការក្នុងការធានាឥណទាននេះ ចំពោះវិស័យទេសចរណ៍ ដែលយើងស្នើឱ្យខាងធនាគារ គាត់ពិនិត្យមើលនៅលទ្ធភាពជាក់ស្តែង និងទន់ភ្លន់កម្រិតដែលអាចដើរជាមួយគ្នាបាន ដូច្នេះវិស័យទេសចរណ៍ កំពុងត្រូវលើកទឹកចិត្ត ហើយដំណាក់កាលបើកទូលាយរបស់យើង សង្ឃឹមភ្ញៀវទេសចររបស់យើងត្រឡប់ភាពប្រក្រតី ហើយទទួលបានកម្ចីពីស្ថាប័នធនាគារ បើទោះបីគាត់មិនមានទ្រព្យបញ្ចាំក៏ដោយ»។

គិតមកត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម (​SME Bank) ដែលផ្តល់ឥណទាន តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍ បានឥណទានដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍បានចំនួន៣០០នាក់​ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤៣លានដុល្លារ។

លោក លឹម អូន អគ្គនាយក SME Bank បានវាយតម្លៃថា ទំហំទឹកប្រាក់ដែលផ្តល់ឥណទាន ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ នៅមានភាពយឺតយ៉ាវ និងទាបនៅឡើយ។ SME Bank នឹងបន្តធ្វើការជាមួយគ្រឹះហិរញ្ញវត្ថុចូលរួម ដើម្បីជំរុញល្បឿននៃការផ្តល់ឥណទាន ឱ្យបានកាន់តែលឿនជាងនេះ។​​

លោកមានប្រសាសន៍ថា «ដោយសារភាពយឺតយ៉ាងនេះហើយ ដែលកាលពីពេលថ្មីៗនេះ ក៏យើងបានជួបពិភាក្សាជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំងអស់ ដើម្បីស្វែងរកមធ្យោបាយក្នុងការពន្លឿន សកម្មភាពបញ្ចេញឥណទានឱ្យបានលឿន ជាលទ្ធផលយើងឃើញថា មានផ្លែផ្កាដែរ ដែលសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ ​ការបញ្ចេញឥណទាននេះ គឺលឿនជាងមុន ដែលយើងសង្ឃឹមថាគម្រោងនេះ នឹងអាចបញ្ចប់បាននៅក្នុងឆ្នាំ២០២៣នេះ ពោលគឺយើងនឹងអាចបញ្ចប់បាននៅមុនឆ្នាំដំណាច់ឆ្នាំ អាចនៅអំឡុងខែ៧ ឬខែ៨។ យើងនឹងសង្កេតមើលបន្តទៀតថា តើស្ថានភាពនេះ វានឹងទៅជាយ៉ាងណា ប្រសិនបើនៅតែមានភាពយឺត នឹងបន្តធ្វើការជិតស្និតជាមួយនឹងដៃគូរបស់យើង ដើម្បីជំរុញល្បឿននេះឱ្យលឿន សម្រេចបាននូវការរំពឹងទុករបស់យើង។»

ជុំវិញករណីនេះ លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ថា ប្រសិនការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ទទួលបានគាំទ្រ ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លទ្ធភាពនៃការទទួលបានកម្ចី នឹងកាន់តែខ្ពស់ជាងមុន។

លោកលើកឡើងថា «កាលណាគ្រឹះស្ថានមីក្រូហិរញ្ញយល់ថា​ ឥណទាននេះជាឥណទានហានិភ័យ ឬគិតថាវិស័យទេសចរណ៍​កំពុងតែបន្តស្តារឡើងវិញ ហើយ​មានហានិភ័យ អីចឹងគ្រឹះស្ថានមីក្រូហិរញ្ញ អាចជជែកជាមួយ SME Bank ដើម្បីដាក់ស្នើ នោះពេល SME Bank យល់ព្រម ហើយ SME ឬធនាគារអាចរុញទៅ CGCC ដើម្បីផ្តល់ជាសេវាធានាមួយតង់ទៀត»

លោកបន្ថែមថា បច្ចុប្បន្ននេះ សមាជិករបស់សមាគមចំនួន​ស្ថាប័ន​១០ ដែលបានចូលរួមជាមួយនឹងធនាគារ SME Bank នឹងបន្តសហការក្នុងការផ្តល់កម្ចី ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍បន្ថែមទៀត។

សូមជម្រាបថា គិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើការផ្តល់កម្ចី ក្នុងទំហំទឹកប្រាក់​៩២លានដុល្លារ ដល់​សហគ្រាសធុនតូច និងមធ្យម​ចំនួន៩៨៥ ​ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩​៕