(សិង្ហបុរី)៖ ចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងដល់ ៦,៣លាននាក់ក្នុងឆ្នាំ ២០២២ ដែលលើសពីការព្យាកររបស់ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ដែលមានចន្លោះពី ៤ លានទៅ ៦ លាននាក់។ នេះបើយោងតាមកាសែត Channel News Asia (CNA)។

តួលេខដែលសម្រេចបាននេះស្មើនឹងមួយភាគបីនៃចំនួននៅឆ្នាំ២០១៩ មុនពេលមានការផ្អាកការធ្វើដំណើរនៅឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

កាសែត CNA បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយ STB កាលពីថ្ងៃអង្គារ ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសសិង្ហបុរីត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ ១៣,៨ ទៅ ១៤,៣ពាន់លានដុល្លារសិង្ហបុរីសម្រាប់ឆ្នាំ២០២២ ពោលគឺប្រហែលពី ៥០ ទៅ ៥២ភាគរយនៃកម្រិតឆ្នាំ២០១៩។

ក្នុងរយៈពេលប្រាំបួនខែដំបូងក្នុងឆ្នាំ២០២២ ប្រាក់ចំណូលបានឡើងដល់ ៨,៩៦ពាន់លានដុល្លារសិង្ហបុរី ដោយភ្ញៀវទេសចរដែលអ្នកចំណាយច្រើនជាងគេមកពីប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និងអូស្ត្រាលី។

តួលេខចុងក្រោយអំពីប្រាក់ចំណូលពីទេសចរណ៍នឹងត្រូវចេញផ្សាយនៅត្រីមាសទីពីរឆ្នាំ២០២៣។

ទីផ្សារធំទាំងបីរបស់សិង្ហបុរីគឺប្រទេសឥណ្ឌូនេស៊ី (១,១លាននាក់) ឥណ្ឌា (៦៨៦ ០០០នាក់) និងម៉ាឡេស៊ី (៥៩១ ០០០នាក់) ។ នេះបើយោងតាមកាសែត CNA៕