(ក្រុងឡុងដ៍)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងនៅដើមសប្តាហ៍នេះថា កំណើនការងារសកលរំពឹងថានឹងធ្លាក់ចុះខ្លាំងមកនៅត្រឹម ១ ភាគរយនៅឆ្នាំនេះ បើធៀបនឹង ២ភាគរយក្នុងឆ្នាំ២០២២ ដែលរងប៉ះពាល់ដោយផលវិបាកពីសង្រ្គាមនៅអ៊ុយក្រែន អតិផរណាខ្ពស់ និងគោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីនិន្នាការសកលរបស់អង្គការ ILO ថា ចំនួនអ្នកអត់ការងារធ្វើនៅលើពិភពលោកក៏ត្រូវបានរំពឹងថានឹងកើនឡើងចំនួន ៣លាននាក់ដល់ ២០៨លាននាក់ក្នុងឆ្នាំ២០២៣ផងដែរ ខណៈដែលអតិផរណានឹងប៉ះពាល់ដល់ប្រាក់ឈ្នួលពិត (ប្រាក់ឈ្នួលក្រោយកាត់កងអតិផរណា)។

កង្វះការងារថ្មីនឹងប៉ះពាល់ដល់ប្រទេសនានា ក្នុងពេលដែលប្រទេសជាច្រើននៅតែកំពុងស្ទុះងើបសេដ្ឋកិច្ចឡើងវិញពីបញ្ហាដែលបង្កឡើងដោយជំងឺរាតត្បាតសកល ហើយជំងឺកូវីដ-១៩ កំពុងហែកហួរពេញប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងការបិទខ្ទប់ដ៏តឹងរ៉ឹង។

លោក Richard Samans ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់អង្គការ ILO និងជាអ្នកសម្របសម្រួលក្នុងការរៀបចំរបាយការណ៍ដែលបានចេញផ្សាយថ្មីរបស់អង្គការនេះបាននិយាយថា៖ «ការធ្លាក់ចុះកំណើនការងារសកលមានន័យថា យើងមិនរំពឹងថា ការខាតបង់ដែលបានកើតឡើងក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ នឹងត្រូវបានស្តារឡើងវិញមុនឆ្នាំ២០២៥ទេ»

អង្គការ ILO បានឱ្យដឹងថា វឌ្ឍនភាពក្នុងការកាត់បន្ថយចំនួនការងារក្រៅប្រព័ន្ធនៅក្នុងពិភពលោកក៏ទំនងជានឹងដើរថយក្រោយវិញផងដែរក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ការព្យាករអំពីការងារសកលនេះមានកម្រិតទាបជាងការព្យាករកន្លងមកជាពេលដែលអង្គការ ILO បានព្យាករថានឹងមានកំណើន ១,៥ភាគរយសម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕