(បាងកក)៖ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃមានប្រសាសន៍ថា ប្រាក់បាតដែលឡើងថ្លៃកាន់តែខ្លាំងគឺដោយសារតែទំនុកចិត្តរបស់វិនិយោគិនបរទេសនៅក្នុងប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីលោក Arkhom ថា ការឡើងថ្លៃប្រាក់បាតគឺស្របតាមលំហូរមូលធនទៅកាន់ទីផ្សារភាគហ៊ុន និងទីផ្សារមូលបត្របំណុល គួបផ្សំនឹងស្ថិរភាពសារពើពន្ធដែលមានសុខភាពល្អរបស់ប្រទេសថៃ។

លោក Arkhom បានថ្លែងថា ប្រទេសថៃក៏បានកត់ត្រាការមកដល់នៃភ្ញៀវទេសចរបរទេសចំនួនខ្ពស់ផងដែរ ខណៈដែលការបញ្ចេញថវិការដ្ឋសម្រាប់ឆ្នាំសារពើពន្ធ២០២៣ បានឆ្លើយតបតាមគោលដៅ។

កាលពីសប្តាហ៍មុនក្រុមហ៊ុន Krungthai Compass ដែលជាអង្គភាពស្រាវជ្រាវស្ថិតក្រោមធនាគារ Krungthai របស់ប្រទេសថៃបានព្យាករថា ចំនួនភ្ញៀវបរទេសសម្រាប់ឆ្នាំនេះមានចំនួន ២២,៥លាននាក់ កើនឡើងពី ១០,២លាននាក់ដែលរំពឹងទុកនៅឆ្នាំ២០២២។ ក្រុមហ៊ុន Krungthai Compass រំពឹងថា ភ្ញៀវទេសចរចំនួន ៤,៨លាននាក់នឹងជាជនជាតិចិន ដោយកើនឡើង ២០% ពីការព្យាករពីមុនរបស់ខ្លួនដែលថាមានចំនួនតែ ៤លាននាក់ ដែលការព្យាករនេះធ្វើឡើងដោយសន្មតថា ប្រទេសចិនបើកចំហរប្រទេសឡើងវិញនៅថ្ងៃទី៨ ខែមករា។

លោក Arkhom បានមានប្រសាសន៍ថា៖ «វិនិយោគិនបរទេសបានវិនិយោគកាន់តែច្រើននៅក្នុងប្រទេសថៃ ដោយសារតែពួកគេមានទំនុកចិត្តលើសេដ្ឋកិច្ចរបស់យើង»។ លោកបានបន្តថា បម្រែបម្រួលប្រាក់បាតមិនមែនជាការព្រួយបារម្ភទេ ព្រោះធនាគារកណ្តាលថៃកំពុងតាមដានបម្រែបម្រួលថ្លៃនេះ។

តម្លៃជាមធ្យមរបស់ប្រាក់បាតក្នុងខែនេះគឺ ៣៣បាតក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃពី ៣៨ បាតក្នុងខែកញ្ញាឆ្នាំមុន ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ១៦ឆ្នាំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕