(វ៉ាស៊ីនតោន)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យប្រទេសចិនដើឆ្ពោះទៅមុខជាមួយនឹងការបើកចំហរសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយហៅការផ្លាស់ប្តូររបស់ចិនពីគោលនយោបាយកូវីដសូន្យទៅជាដំណើរការប្រក្រតីវិញនេះគឺជាកត្តាសំខាន់បំផុតតែមួយគត់សម្រាប់កំណើនពិភពលោកនៅឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះជឿជាក់ថា ការដើរថយក្រោយនៃសេដ្ឋកិច្ចពិភពលោកអាចត្រូវជៀសផុត ទោះបីជាកំណើនថយចុះពីការប៉ាន់ប្រមាណ ៣,២% ក្នុងឆ្នាំ២០២២នេះក៏ដោយ ។ លោកស្រីបានបន្តថា ប្រសិនបើសហរដ្ឋអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេធ្លាក់ចុះ វានឹងមានលក្ខណៈស្រាលដែរ។

លោកស្រី Georgieva ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកកាលពីខែមុនជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមកើតមានជំងឺរាតត្បាតមកនោះ បានមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់បំផុតគឺប្រទេសចិនរក្សាការបើកចំហរប្រទេសនេះ មិនដើរត្រលប់ក្រោយវិញ។ ប្រសិនបើពួកគេបន្តដំណើរទៅមុខទៀត នៅពាក់កណ្តាលឆ្នាំ ប្រទេសចិននឹងក្លាយទៅជាអ្នករួមចំណែកវិជ្ជមានដល់កំណើនសេដ្ឋកិច្ចពិភពលោកជាមធ្យម»

លោកស្រីបានបន្តថា មួយឆ្នាំបន្ទាប់ពីកើតមានវីរុសអូមីក្រុង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក សង្រ្គាមរបស់លោកប្រធានាធិបតី Vladimir Putin នៅតែជាកត្តាអវិជ្ជមានសម្រាប់វិនិយោគិន និងទំនុកចិត្តអ្នកប្រើប្រាស់ ជាពិសេសនៅអឺរ៉ុប។

លោកស្រី Georgieva បន្ថែមថា សក្តានុពលនៃការរីករាលដាលផលវិបាកនៃសង្រ្គាមនេះគឺជាហានិភ័យដែលនឹងមានផលប៉ះពាល់ដ៏ធំបំផុតលើកំណើនសេដ្ឋកិច្ច ទោះបីជាហានិភ័យនេះអាចមានលទ្ធភាពកើតមានតិចតួចក៏ដោយ៕